ព័ត៌មានជាតិ

កម្ពុជា ស្នើជប៉ុន ជួយទិញផលិតផលកសិកម្ម ខណៈទំហំពាណិជកម្ម រវាងប្រទេសទាំងពីរ ស្ថិតក្នុងរង្វង់ ជិត២ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅល្ងាចថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានស្នើដល់នាយករដ្ឋមន្ត្រីជប៉ុន ជួយទិញផលិតផលកសិកម្មកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត និងលើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ របស់ប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ ស្ថិតក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក ។

សម្តេចតេជោ មានប្រសាសន៍ថា ទោះជាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅមានស្ថេរភាព ក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ដោយឡែក ចំពោះការវិនិយោគជប៉ុន នៅកម្ពុជា បានងើបឡើងវិញនៅឆ្នាំ២០២១ ក្រោយពីបានធ្លាក់ចុះ កាលពីឆ្នាំ២០២០ ។

ក្នុងគោលបំណងជំរុញ កិច្ចសហប្រតិបត្តការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគគិនជប៉ុន មកកម្ពុជា សម្តេចតេជោ បានស្នើដល់ភាគីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជា ឲ្យបានច្រើនថែមទៀត និងស្នើឲ្យមានការពិចារណា ចាប់ផ្តើមសិក្សាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញ លើអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង ACEP ។

ក្នុងនោះសម្តេចតេជោ ក៏បានស្នើឲ្យនាយកដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តក្រុមហ៊ុនល្បីៗជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការដំឡើងរោងចក្រនៅកម្ពុជា៕

To Top