ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន បានឯកភាពគ្នា ពង្រីកកិច្ចសហការ លើវិស័យសន្តិសុខសេដ្ឋកិច្ច ដែលជាវិស័យថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ។
យោងតាម សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្រោយដំណើរទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន មកកាន់កម្ពុជា នៅថ្ងៃទី២០ ខែមីនានេះ បានឲ្យដឹងថា “នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសេដ្ឋកិច្ច ដែលជាវិស័យថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន”។
នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការព្រួយបារម្ភ អំពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងសង្កត់ធ្ងន់ អំពីសារសំខាន់ នៃការពង្រឹងសណ្តាប់ធ្នាប់ សេដ្ឋកិច្ចអន្តរជាតិ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមថ្មីៗ ដូចជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចជាដើម។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាគួរតែត្រូវបានប្រើប្រាស់ ក្នុងលក្ខណៈនៃការគោរពសិទ្ធិបុគ្គល និងធ្វើឱ្យជីវិតរបស់ប្រជាជនមានសុវត្ថិភាព វិបុលភាព និងទទួលបានការលើកទឹកចិត្តកាន់តែច្រើន។
នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារសំខាន់ នៃការជំរុញការអភិវឌ្ឍបណ្តាញ 5G និងលើសពី 5G ប្រកបដោយសុវត្ថិភាព បើកចំហ និងតម្លាភាព ក៏ដូចជាសារសំខាន់ នៃគោលការណ៍នានា រួមមាន ការបើកចំហ ឬពិពិធកម្មដើម្បីធានាសន្តិសុខ ភាពអាចទុកចិត្ត និងភាពធន់រយៈពេលវែង នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមទាំង 5G។
ក្នុងន័យនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាថា ជប៉ុននឹងផ្តល់ការគាំទ្រ ផ្សេងៗលើវិស័យសន្តិសុខសេដ្ឋកិច្ច ដល់កម្ពុជា៕