នយោបាយ

សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ឯកភាពគ្នា ពង្រឹងវិស័យការពារជាតិកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅល្ងាចថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា និងជប៉ុន បានឯកភាពគ្នា លើការពង្រឹងវិស័យការពារជាតិកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត ។

សម្តេចតេជោ មានប្រសាសន៍ថា “យើងទាំងពីរបានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តការ លើវិស័យសន្តិសុខ ការពារជាតិ និងឯកភាពគ្នាពង្រឹងវិស័យនេះថែមទៀត ព្រមទាំងសម្តែងការរីករាយ និងពេញចិត្តចំពោះលទ្ធផលទស្សនកិច្ច ដោយជោគជ័យ របស់លោក ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន កាលពីខែកុម្ភៈឆ្នាំ២០២២ និងការចូលចតនាវា កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពុងផែខេត្តព្រះសីហនុ ក្នុងសប្តាហ៍នេះដែរ”។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៣០ នៃការចូលរួមរបស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងប្រតិបត្តិ-ការរក្សាសន្តិភាព (PKO) នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានវាយតម្លៃខ្ពស់​ ចំពោះការពិតដែលកម្ពុជា បានផ្លាស់ប្តូរពីប្រទេស ដែលទទួលយកប្រតិបត្តិការរក្សាសន្តិភាព ទៅជាប្រទេសដែលបញ្ជូនកងទ័ព ចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងស្ថិរភាពអន្តរជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទ នៅប្រទេសជប៉ុន កាលពីខែមុន។

នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ការចូលចត របស់នាវាកងកម្លាំងស្វ័យការពារជើងទឹក នៅកំពង់ផែក្រុងព្រះសីហនុ និងការធ្វើសមយុទ្ធសុច្ឆន្ទៈ ក៏ដូចជាដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាម របស់កងកម្លាំងស្វ័យការពារជើងទឹក។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំង ការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹក ការពង្រីកសមយុទ្ធទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកភូមិន្ទកម្ពុជា លើផ្នែកជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានយល់ព្រមសម្របសម្រួល សកម្មភាពនានា សម្រាប់ការថែរក្សាសន្តិភាព តាមរយៈការកសាងសមត្ថភាព លើវិស័យប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍របស់កម្ពុជា ផ្នែកបោសសម្អាតមីនជាមួយប្រទេសទីបី។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងខ្លាំងរបស់ជប៉ុន ដល់ការបោសសម្អាតមីន នាពេលកន្លងមក៕

To Top