ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន បារម្ភយ៉ាងខ្លាំង ចំពោះការបន្តសាកល្បង មីស៊ីល បាលីស្ទីក របស់កូរ៉េខាងជើង 

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសាកល្បងមីស៊ីល បាលីស្ទីក របស់កូរ៉េខាងជើង។

សូមរំលឹកថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាលើកទី៨ ក្នុងឆ្នាំនេះ ។ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលបានក្លាយជាការធ្វើតេស្ដមីស៊ីល ជាលើកទី៨ហើយ បន្ទាប់ពីបានបាញ់សាកល្បងអស់៧លើក កាលពីខែមករា។ ខណៈដែលក្តីបារម្ភកំពុងកើតមានឡើងថា ទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីលរបស់ខ្លួន ស្របពេលសហគមន៍អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍រួម ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ មេដឹកនាំទាំងពីរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ដែលបង្កើនភាពតានតឹង និងឥទ្ធិពលជាអវិជ្ជមានដល់បរិយាកាសនៃកិច្ចចរចា ដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ និងមធ្យោបាយការទូត ដើម្បីសម្រេចបាននូវការលុបបំបាត់ទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនឱ្យមានជាថ្មីនូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងការប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញ នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCRs) ដែលពាក់ព័ន្ធ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ថ្នាក់ដឹកនាំទាំងពីរ បានជំរុញយ៉ាងខ្លាំងដល់ ស.ប.ប.កូរ៉េ ឱ្យអនុវត្តនូវកាតព្វកិច្ចអន្តរជាតិទាំងអស់របស់ខ្លួនឱ្យបានពេញលេញ ក្រោម UNSCRs ដែលពាក់ព័ន្ធ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រី គីស៊ីដា បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអះអាងសាជាថ្មីពីការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដោយកូរ៉េខាងជើង។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យទី២០ ខែមីនានេះ បានឱ្យដឹងថា កូរ៉េខាងជើង ទំនងជាបានធ្វើការបាញ់សាកល្បង ប្រព័ន្ធបាញ់មីស៉ីលរយៈចម្ងាយខ្លីរបស់ខ្លួន៕

To Top