នយោបាយ

កម្ពុជា-ជប៉ុន ទាមទារ ឲ្យមីយ៉ាន់ម៉ា អនុវត្តន៍កិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច

ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅតែមានក្តីកង្វល់ ជុំវិញការកើតឡើងនូវអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាទាមទារ ឱ្យមានការជំរុញសកម្មភាព ជាក់ស្តែងនានា ដើម្បីអនុវត្តន៍ «ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» ដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន ។

យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងនូវការព្រួយបារម្ភ ចំពោះស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់ ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចា សម្រាប់ដំណោះស្រាយ​ ប្រកបដោយសន្តិវិធី ដោះលែងអ្នកជាប់ឃុំ ដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។

ក្នុងនោះថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឯកភាពគ្នាទាមទារ ឱ្យមានការជំរុញសកម្មភាពជាក់ស្តែងនានា ដើម្បីអនុវត្ត «ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ មេសា ២០២១ ឱ្យបានឆាប់រហ័ស និងការអនុវត្តយ៉ាងសកម្ម នូវការចែកជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយខ្លាំងបំផុត ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ដោយធ្វើការសម្របសម្រួល ជាមួយមជ្ឈមណ្ឌលសម្របសម្រួល ជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (AHA Center) និងអង្គការអន្តរជាតិនានា។

លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានស្វាគមន៍ចំពោះការចូលរួម យ៉ាងសកម្មរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីទម្លាយភាពជាប់គាំង ហើយបានបង្ហាញក្ដីសង្ឃឹម ពីលទ្ធផលជាផ្លែផ្កា នៃដំណើរទស្សនកិច្ច របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេស របស់ប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២២៕

To Top