នយោបាយ

កម្ពុជា ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធី បើកប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងបង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមនៃកិច្ចដំណើរការ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអនុវត្ត តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១(២០១០ -២០២០) ព្រមទាំងផ្សព្វផ្សាយ ពីចក្ខុវិស័យគោលបំណង គោលដៅ សមិទ្ធផលរំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២( ២០២១-២០៣០)។

ពិធីប្រកាសផ្សព្វផ្សាយនេះ មានអ្នកចូលរួមផ្ទាល់ប្រមាណ ៣០០នាក់ និងអ្នកចូលរួមតាមរយៈ ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់ ដែលរួមមានថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។

ដោយឡែក ក្នុងពិធីបិទប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់កំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) គឺ «ប្រជាពលរដ្ឋទទួលបាន សេវាសាធារណៈ និងផលប្រយោជន៍ ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេច ឲ្យបាននូវគោលបំណងដ៏ទូលំទូលាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០»៕

To Top