ភ្នំពេញ ៖ ដោយសារមានការយល់ច្រឡំ អំពីការបើកប្រាក់ខែ សម្រាប់ក្រុមមន្រ្តីរាជការ សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ ថាបើឌុបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយថា ជាភ័ន្តច្រឡំនោះទេ ព្រោះសំណេរសម្តេចនោះ មានតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ពោរមុនផ្ទុះជំងឺកូវីដ១៩។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ នៅថ្ងៃ២១ មីនា សម្តេចតេជោ បានលើកឡើងថា ឆ្នាំនេះត្រូវតែចូលឆ្នាំឲ្យបាន ហើយចូលរួមសប្បាយទាំងអស់គ្នា ។ ក្នុងនោះ សម្តេចថា ប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលមួយ បានកើតឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបើកប្រាក់ខែ ក្នុងខែ៣ នឹងបើកខែ៤ទៀត ក្នុងពេលជាមួយគ្នា ដើម្បីសម្រួលដល់ស្ថានភាព មន្រ្តីរាជការ ប៉ុន្តែសម្តេចថា នេះជាការភ័ន្តច្រឡំទេ ។
សម្តេចតេជោបញ្ជាក់ថា “ស្រាប់តែថ្ងៃមុននាំគ្នា ផ្អើលម៉ាប្រទេសថា លោកហ៊ុន សែន នឹងបើកអាប្រាក់បៀវត្ស ខែ៣ហើយ ថែមខែ៤ទៀត តើមានឃើញទេ … ថា ឆ្នាំហ្នឹង នឹងបានបើកប្រាក់ខែឌុប បង្កើនប្រាក់ខែ ខែ៣ ហើយមានអាខែ៤ អត់ទេ ។ អាហ្នឹងបង្ហោះតាំងពីហ្ន ដូចឆ្នាំ២០២០ ឆ្នាំ២០១៩” ។ ដូច្នេះសុំកុំភ័ន្តច្រឡំ អាហ្នឹងមិនមែនទេ តែមិនដឹងម៉េចទេ អាហ្វេសប៊ុកហ្នឹង យូរៗចេញមកមួយ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៦ មីនា មានការលោតជាសារសំណេរ របស់សម្តេចតេជោឡើងវិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា ការបើប្រាក់ខែនៅក្នុងខែមេសា មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងបើកឌុប ដោយចុងខែ៣(មីនា) បើកប្រាក់ខែម្តង ហើយនៅខែ៤(មេសា) មុនចូលឆ្នាំបើកម្តងទៀត រួមជាមួយនឹងប្រាក់មុខងារបន្ថែម ហើយបន្ទាប់មកទៀត នឹងបើកប្រាក់ខែ នៅអាទិត្យទី៣ ខែឧសភា ដើម្បីចៀសវាងបញ្ហាចំណាយ របស់មន្ត្រីរាជការ ៕