ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា សម្ដេចមិនមានបញ្ជាណាមួយ ឲ្យប្រជាពលរដ្ឋខ្មែរទាំង២៣គ្រួសារ កំពុងរស់នៅប្រទេសអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន ក្នុងពេលកំពុងជួបការលំបាកនោះទេ ។
ស្របពេលការអំពាវនាវនេះ សម្តេចក៏បានរំលឹក ពេលមានបញ្ហា រវាងកូរ៉េខាងត្បូង-ខាងជើង និងចិនជាដើម ។ កូរ៉េខាងជើង គំរាមធ្វើសង្គ្រាម ជាមួយកូរ៉េខាងត្បូង ពេលនោះមនុស្សមិនតិចទេ លើកឡើងពីបញ្ហាត្រូវជម្លៀស ពលករចេញពីកូរ៉េខាងត្បូង។ ចំណែកចិនវិញ បានផ្ទុះកូវីដ ហើយមាននិស្សិតខ្មែរសិក្សានៅចិន បានស្នើឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍មកស្រុកកំណើតវិញ តែដល់ពេលស្ងប់កូវីដ សុំភាគីចិនទៅរៀនវិញ គឺគេពិបាកក្នុងការទទួលយកវិញ ដោយសារពេលមានអាសន្នរត់ចោលគេ ។ សម្តេចក៏បានរំលឹកឡើងវិញ ថា ពេលនោះសម្តេចក៏បានសុំទោសលោ ស៊ី ជីនពីង ប្រធានាធិបតីចិនផងដែរ ចំពោះនិស្សិតខ្មែរសុំមកវិញ ។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នាថ្ងៃទី២១ មីនានេះ សម្តេចតេជោ បានមានប្រសាសន៍ផ្ដាំផ្ញើ ទៅពលរដ្ឋខ្មែរ កំពុងរស់នៅអ៊ុយក្រែន ទាំង២៣គ្រួសារថា ប្រជាជនអ៊ុយក្រែន គាត់រស់យ៉ាងម៉េចបាន គឺរស់នៅជាមួយពួកគាត់បែបនោះទៅ កុំរត់ចោលគ្នា ។
សម្ដេចតេជនាយករដ្ឋមន្ត្រី បញ្ជាក់ថា «រាប់ទាំងប្រជាជន ដែលកំពុងរស់នៅអ៊ុយក្រែន ខ្ញុំអត់មានបទបញ្ជាណាមួយថា ត្រូវឲ្យចេញពីប្រទេសអ៊ុយក្រែនទេ ឲ្យគេនៅទីនោះ ព្រោះប្រជាជនអ៊ុយក្រែន នៅបានយើងក៏នៅបានដែរ ។ ២៣គ្រួសារ ខ្លះមានប្រពន្ធជនជាតិអ៊ុយក្រែន ខ្លះមានប្ដីជនជាតិអ៊ុយក្រែន ចឹងនាំគ្នានោះទីនោះទៅ កុំរត់ចោលគេពេលមានទុក្ខលំបាក» ។
លើសពីនេះ សម្ដេចតេជោក៏បានរំលឹកថា មានពេលមួយដូចជា ឆ្នាំ២០១៣ កូរ៉េខាងជើង គំរាមធ្វើសង្គ្រាម ពេលនោះមនុស្សមិនតិចទេ ដែលលើកឡើង ពីបញ្ហាដែលត្រូវជម្លៀស ពលករគេចេញពីកូរ៉េខាងត្បូង រហូតដល់មានមនុស្សមួយចំនួន តិះតៀនសម្ដេចថា មិនយកចិត្តទុកដាក់ លើពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅកូរ៉េខាងត្បូង ក៏ប៉ុន្តែសម្ដេចបានឆ្លើយតបថា កម្ពុជាមានពលករ ៥ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េខាងត្បូង គឺកម្ពុជា មិនមានយន្តហោះគ្រប់គ្រាន់ ដើម្បីដឹកពួកគាត់ត្រឡប់មកវិញទេ ។ សម្ដេចថា យើងត្រូវរួមសុខរួមទុក្ខជាមួយគេ កុំអាងថាពេលប្រជាជនគេ មានការលំបាកបន្តិចបន្តួច នាំគ្នារត់ ។
សម្ដេចបន្តថា ពេលនោះសម្ដេច បានសុំការយោគយល់ ពីមាតាបិតអាណាព្យាបាលថា អត់ត្រូវការជម្លៀស ប្រជាជនចេញពីកូរ៉េខាងត្បូងទេ តែជម្លៀសចេញមកហើយ គឺមិនអាចត្រឡប់ទៅវិញបានទេ ។
ចំពោះការផ្ទុះកូវីដនៅចិនវិញ សម្ដេចតេជោគូសបញ្ជាក់ថា ការកើតឡើងកូវីដ១៩ នៅចិន មានប្រទេសមួយចំនួន ជម្លៀសនិស្សិត និងពលរដ្ឋខ្លួនចេញពីចិន ខណៈសម្ដេចរក្សាជាប់ជំហរមួយថា មិនជម្លៀសពលរដ្ឋចេញ ហើយផ្ទុយទៅវិញសម្ដេច បានធ្វើដំណើរទៅចិន ជួបប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីចិន ដើម្បីបង្ហាញសាមគ្គីភាព ក្នុងការប្រយុទ្ធជាមួយកូវីដ ហើយក៏ជំរុញឲ្យនិស្សិតខ្មែរ បន្តនៅរួមរស់ជាមួយប្រជាជនចិន ។ សម្ដេចថា នេះជារបៀបចាត់ចែងការងារ សម្រាប់ពលរដ្ឋ កំពុងរស់នៅក្រៅប្រទេស ៕