ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះទាមទារចង់ធ្វើជានាយករដ្ឋមន្រ្តី ដូចជាខ្មោចទារបាយ ខណៈសម្ដេចមិនចង់ធ្វើបែរជាបានធ្វើរយៈពេលយូរទៅវិញ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា «មុខតំណែងដែលគេឲ្យយើងធ្វើវាគឺ អីចឹង! យើងជៀសក៏មិនបាន ហើយយើងមិនជួបក៏អត់កើត ត្រូវតែជួប ធ្វើម៉េចនេះជាតំណែងនាយករដ្ឋមន្រ្តី»។ ប៉ុន្តែកន្លែងដែលពិបាកនេះ គេចូលចិត្តទាមទារចង់ធ្វើទៅទៀតណា! ចេះតែទារធ្វើ ទារនោះទារដូចខ្មោចទារបាយចឹង ចង់ធ្វើ។ នេះជារឿងដែលគេចង់ធ្វើ តែដល់យើងមិនចង់ធ្វើបែរជាបានធ្វើទៅវិញ (នាយករដ្ឋមន្រ្តី)។ ហើយធ្វើនឹងគឺជាង៣៧ឆ្នាំហើយ ដែលមានតំណែងជានាយករដ្ឋមន្រ្តីនោះ»។
សម្ដេចថា ធ្វើតាំងពីនាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក ឥឡូវទៅជានាយករដ្ឋមន្រ្តី ដែលយូរជាងគេ នៅលើពិភពលោកវិញម្ដង ។
សម្ដេចតេជោបញ្ជាក់ថា «ហើយឥឡូវខ្ញុំប្រកាសថា នឹងធ្វើជានាយករដ្ឋមន្រ្តីរហូតដល់លែងចង់ធ្វើ»។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្ដេចនឹងបន្តជួបជាមួយក្រុមមន្រ្តីវ័យក្មេង ដើម្បីសន្ទនា ដោយលើកឡើងពីចក្ខុវិស័យ ដែលគេត្រូវ តម្រង់ទិស ក្នុងការកសាងប្រទេសជាតិផងដែរ ៕