នយោបាយ

លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូ ទៅភូមា ដើម្បីបង្កើតលក្ខខណ្ឌ អំណោយផល ឈានទៅបញ្ចប់ហិង្សា (Video)

ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនានេះ បាននិងកំពុងអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ការអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានេះ គឺតបតាមការអញ្ជើញ របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិក របស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុត ពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឲ្យមាន កិច្ចពិគ្រោះយោបល់/ កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន នាពេលថ្មីៗនេះ៕

To Top