ព័ត៌មានជាតិ

ក្រុមហ៊ុនមីជាតិ រៀបចំអាហារ ដល់កុមារ ខ្សោយសតិបញ្ញា ពិការ ផ្ទុកមេរោគអេដស៍ កំព្រា ក្នុងឱកាសប្រារព្ធ ទិវាដោនស៊ីនដ្រូម ពិភពលោក ឆ្នាំ២០២២ នៅបុរីទារក និងកុមារជាតិ សង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំ បុគ្គលិក ក្រុមហ៊ុនមីជាតិ រៀបចំកម្មវិធីជួបសួរសុខទុក្ខ និងផ្តល់ អំណោយមនុស្សធម៌ ព្រមទាំងរៀបចំអាហារ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា ប្រមាណ២៥០នាក់ ក្នុងឱកាសចូលរួមប្រារព្ធទិវាដោនស៊ីនដ្រូម ពិភពលោក ឆ្នាំ២០២២ នៅបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានសម្តែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ថ្នាក់ដឹកនាំ អ្នកគ្រូ លោកគ្រូ បុគ្គលិក នៃបុរីទារក និងកុមារជាតិ ដែលបានយកអស់កម្លាំង កាយចិត្តមើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំដល់កុមារទាំងអស់ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់ ។

លោកស្រី បានបន្តថា ជំងឺ ដោនស៊ីនដ្រូម ជាដើមចម នៃការបណ្តាលអោយកុមារមានបញ្ហា ក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី ។ ជំងឺនេះមានវត្តមានជាសកលនៅទូទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ភេទ ឬសាសនាឡើយ ។ ទន្ទឹមនឹងនេះ លោក​ស្រី ក៏បានអំពាវនាវឲ្យ ឪពុកម្តាយ សូមយកចិត្តទុកដាក់ពីសុខភាពកូនៗ តាំងពីពេលចាបផ្តើមមានគភ៌ ប្រសិនបើមានសញ្ញា មិនប្រក្រតីណាមួយ សូមរួសរាន់ក្នុងការស្វែងរក សេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗ របស់លោកអ្នកបាន ទាន់ពេលវេលា ។

ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានជ្រើសរើស បុរីទារក និងកុមារជាតិ ក្នុងការប្រារព្ធទិវាដោនស៊ីនដ្រូម ពិភពលោក ព្រមជាមួយការពាំនាំមកជូននូវសម្ភារៈចំបាច់ រួមមានម៉ាស៊ីន បោកសម្លៀកបំពាក់ និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួន មកជូនបុរីទារក និងកុមារជាតិ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេស ក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ។

គួរបញ្ចាក់ផងដែរថា កម្មវិធីសួរសុខទុក្ខផ្តល់ អំណោយមនុស្សធម៌ ក្នុងឱកាស ប្រារព្ធទិវាដោនស៊ីនដ្រូម ពិភពលោក ដែលរៀបចំឡើង ដោយក្រុមហ៊ុន មីជាតិនេះ អាចកើតឡើងបាន ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ រសជាតិបែបខ្មែរ បង្កើតឡើង ដោយជនជាតិខ្មែរ ។ ឆ្លើយតបនឹងការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្តចូល រួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕

To Top