ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បាននិងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្រ្តតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ-សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕