នយោបាយ

ស្ទូចត្រី នយោបាយ!

ភ្នំពេញ​៖ ស្ថិតនៅលើទឹកដី ឆ្នេរសមុទ្រកម្ពុជា លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហោះសារនូវរូបភាព បង្កប់ទៅដោយខ្លឹមសារ នយោបាយមួយចំនួន ពាក់ព័ន្ធទៅនឹង ភូមិសាស្ត្រនយោបាយ ដែលមហាអំណាច យកប្រទេសទន់ខ្សោយ ធ្វើជាទីលានប្រកួតប្រជែង ដណ្តើមត្រួតត្រាក្នុងតំបន់។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះលោក សយ សុភាព បានលើកឡើងថា «៤៧ឆ្នាំមុនកំពង់សោម គ្រប់គ្រង ដោយខ្មែរក្រហម ក្រោយឈ្នះសង្រ្គាម៥ឆ្នាំ ដែលអាមេរិកគាំទ្ររបបលន់ណល់។ ៤៧ឆ្នាំក្រោយយើង អង្គុយស្ទូចត្រី និង ហូបត្រីដ៏មានរសជាតិផ្អែម»។

លោកថា មិនគាំទ្រដាច់ខាតសង្រ្គាម តែកត្តាភូមិសាស្ត្រនយោបាយ មហាអំណាចយក ប្រទេសទន់ខ្សោយ ធ្វើជាទីលានប្រកួតប្រជែង ដណ្តើមត្រួតត្រាក្នុងតំបន់។

លោក សយ សុភាព បញ្ជាក់ថា «សង្ឃឹមថាក្មេងជំនាន់ក្រោយយល់ និងបញ្ជៀសឱ្យបានដើម្បីការពារមរតក ដែលអ្នកកាន់អំណាចបន្សល់ទុក»។

លោកថា កុំបរទេសនិយមជ្រុល! អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស គិតពីផលប្រយោជន៏របស់គេមុន និងប្រទេសខ្លះក៏ដូចគ្នាដែរ។

លោក សយ សុភាព សង្កត់ធ្ងន់ថា «យើងជាខ្មែរ រាប់អានទាំងអស់ តែកុំច្រឡំឱ្យសោះថា យើងលក់ត្រកូលដូរសញ្ជាតិ»។

សូមរំលឹកថា តំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានអ្នកតាមដានភូមិសាស្រ្តនយោបាយ សម្លឹងមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ ទាំងវិស័យសេដ្ឋកិច្ច និងជាទីលាន សម្រាប់ពួកប្រទេសមហាអំណាច ជ្រើសយកធ្វើជាកន្លែងឃ្លាំងមើលសកម្មភាពគ្នា ទៅវិញទៅមក ៕

To Top