ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទ ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បន្តពង្រឹងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ទោះបីកន្លងមក រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមថ្នាក់នីមួយៗ បានកែលម្អជាបណ្តើរៗក៏ដោយ ប៉ុន្តែផ្អែកតាមការវិវត្ត នៃស្ថានភាព សង្គម និងប្រជាសាស្ត្រ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម និងបច្ចេកវិទ្យា តម្រូវឲ្យមានភាពចាំបាច់ ក្នុងការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត ។
បើតាមសម្តេចតេជោ ការបន្តពង្រឹងនេះ ត្រូវធ្វើឡើងតាមរយៈការរៀបចំឡើងវិញនូវមុខងារ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង់ឲ្យស្របតាមប្រភេទ និងចរិតលក្ខណៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព សមត្ថភាព និងម្ចាស់ការក្នុងផ្ដល់សេវាជូន ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែក លើសក្តានុពលនមូលដ្ឋាននីមួយៗ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធមសង្គម ។
សម្តេចបន្តថា ត្រូវបន្តពិនិត្យ និងរៀបចំឡើង វិញនូវការបែងចែកសិទ្ធិអំណាច មុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗឡ កាន់តែមានភាព ច្បាស់លាស់ ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិត លក្ខណៈជាទីក្រុងធំ ដែលហៅជាសកលថា ទីក្រុងមេត្រូប៉ូលីដែន ដើម្បី ធានាដោះស្រាយ បាននូវបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារកំណើន នៃតម្រូវការសេវាទីក្រុងដែលមានប្រជាជន ច្រើនកុះករ។
សម្តេចតេជោបន្តទៀតថា ក្នុងនោះរដ្ឋបាល ខេត្តនឹងបន្តរៀបចំឲ្យ មានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារស្របតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ ដែលមានតួនាទីចម្បងពាក់ព័ន្ធនឹង ការអនុវត្តមុខងារ ជាតំណាង ឲ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នថ្នាក់ជាតិ ដែលបានធ្វើប្រតិភូ កម្មសិទ្ធិអំណាចមួយ ចំនួន ទៅឲ្យនិងការគាំទ្រ ការតាមដានត្រួតពិនិត្យ លើការបំពេញ ការងាររដ្ឋបាលមូលដ្ឋាន ព្រមទាំងការគ្រប់គ្រង ការផ្តល់សេវាសាធារណៈនិងគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន។
នាឱកាសនោះដែរ សម្តេចតេជោក៏បានស្នើ ឲ្យបន្តបែងចែកឲ្យបាន ច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវ រវាងថ្នាក់រដ្ឋបាល នីមួយៗ ក្នុងការរៀបចំគោលនយោបាយ និងការផ្តល់ សេវាក្នុងវិស័យនីមួយៗ ដែលបញ្ហាទាំងនេះ នៅតែបន្តចោទជាបញ្ហាប្រឈម ដ៏សំខាន់មួយមកទល់បច្ចុប្បន្ន ដោយសារតែវាជា ទំនាស់ រវាង អ្នកបាត់បង់ និងអ្នកទទួលបាននូវសិទ្ធិអំណាច។ ក្នុងន័យនេះ គ.ជ.អ.ប ត្រូវបន្តពង្រឹងការ អនុវត្តតួនាទី របស់ខ្លួនដោយផ្សារ ភ្ជាប់ជាមួយកម្មវិធីកំណែទម្រង់សំខាន់ៗ ដទៃទៀត ដើម្បីដឹកនាំសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិ យុត្តដែលពាក់ព័ន្ធ នឹងរចនាសម្ព័ន្ធ មុខងារ តួនាទី និងការទទួលខុសត្រូវ របស់ក្រសួង ស្ថាប័នសាមីនីមួយៗ ឲ្យស្របទៅនឹង គោលនយោបាយ និងការវិវឌ្ឍ នៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ៕