ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ការកើនឡើង នៃថ្លៃប្រេង ក្នុងពេលចំពោះមុខ បញ្ហាប្រឈមខាង ផ្នែករចនាសម្ព័ន្ធ សម្រាប់រយៈពេលមធ្យមខាងមុខ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ជាអវិជ្ជមាន។
ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា នាពេលនេះ វិធានការអន្តរាគមន៍ សម្រាប់វិស័យកាត់ដេរ នឹងត្រូវបំពេញបន្ថែម ដោយការដាក់ ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល លើកដំបូងក្នុងក្របខណ្ឌវិស័យនេះ ។
លោក បន្ដថា ទោះជាយ៉ាង នេះក្តី ការបន្តអូសបន្លាយ នៃវិបត្តិជំងឺកូវីដ-១៩ តាមរយៈការបំប្លែងខ្លួន នៃប្រភេទវីរុសកូរ៉ូណាថ្មីៗ គួបផ្សំជាមួយនឹង វិបត្តិភូមិសាស្ត្រ នយោបាយនាបច្ចុប្បន្ន កំពុងបន្តបង្កើត និងបង្កើនភាពមិនច្បាស់លាស់កាន់តែច្រើន ចំពោះចលនាការងើបឡើងវិញផ្នែក សង្គម-សេដ្ឋកិច្ចតំបន់ និងសកល ។
លោក បន្ថែមថា ការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលថ្មីៗនេះ ព្រមជាមួយនឹងការដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗមកលើរុស្ស៊ី បាននិងកំពុង បន្ទច់បង្អាក់ដល់ការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចសកល ជាពិសេស បង្កើនភាពមិនប្រាកដប្រជាខ្ពស់ ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កឲ្យមានការផ្លាស់ប្ដូរកាន់តែរហ័ស នូវនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំបន់ និងសកលលោក ដូចជា ៖ រំហូរហិរញ្ញវត្ថុ, ទុនវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងច្រវាក់ផ្គត់ផ្គង់ ជាដើម។
លោក ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជារួម បន្ថែមលើសម្ពាធអតិផរណា ពីការកើនឡើង នៃថ្លៃប្រេងក្នុងពេលចំពោះមុខ បញ្ហាប្រឈមខាងផ្នែក រចនាសម្ព័ន្ធសម្រាប់រយៈពេលមធ្យមខាងមុខ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទទួលរង ផលប៉ះពាល់ជាអវិជ្ជមានផងដែរ ជាពិសេស អាចបង្កផលវិបាកមិនល្អ ដល់ការរីកចម្រើន នៃវិស័យកាត់ដេរ តាមរយៈការថមថយ នូវតម្រូវការនៃការបញ្ជាទិញ ផលិតផលរបស់កម្ពុជា ដែលពឹងអាស្រ័យទៅលើការ នាំចេញទៅទីផ្សារអន្តរជាតិ» ៕