ព័ត៌មានជាតិ

សម្តេចតេជោ៖ គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ដើម្បីកំណត់ការទទួលខុសត្រូវ ថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដើម្បីកំណត់ ការទទួលខុសត្រូវ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានប្រកាសថា នៅថ្ងៃ១ មេសា ខាងមុខ គណៈរដ្ឋមន្ត្រីនឹងពិភាក្សាលើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង។

សម្តេចតេជោបន្តថា វិសោធនកម្មច្បាប់នេះ នឹងត្រូវបានធ្វើឡើងដើម្បីកំណត់ចំនួន អ្នកទទួលខុសត្រូវនៅក្នុង ក្របខណ្ឌគណៈអភិបាលរាជធានី-ខេត្ត និងថ្នាក់ស្រុកជាដើម ព្រោះតែការបែងចែកមុខងារ និងផ្ទេរអំណាចកាន់តែច្រើន នៅថ្នាក់មូលដ្ឋានបានធ្វើឲ្យ ថ្នាក់មូលដ្ឋានកំពុងខ្វះកំលាំង ។

សម្តេចតេជោ លើកឡើងទៀតថា សម្តេច ស ខេង បានដាក់សេចក្តីព្រាងវិសោនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដែលច្បាប់នេះ នឹងនិយាយពីការផ្ទេរអំណាច នៅថ្នាក់ក្រោមកាន់តែច្រើន ជាពិសេសនៅថ្នាក់មូលដ្ឋាន ។

សម្តេចថា បើធ្វើច្បាប់នេះមិនទាន់ទេនោះ មិនអាចទទួលបានជោគជ័យ តាមរបៀបសព្វថ្ងៃនេះទេ។ ជាក់ស្តែងការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ ដោយសារតែការផ្ទេរអំណាច និងបែងចែកការងារនៅថ្នាក់មូលដ្ឋាន ទើបទទួលបានជោគជ័យ។

សម្តេចតេជោគូសបញ្ជាក់ថា «ការទប់ស្កាត់ជំងឺកូវីដនេះ មិនមែនបានមកពីថ្នាក់ជាតិ ទាំងអស់នោះទេ។ ថ្នាក់ជាតិ គឺផ្តល់មធ្យោបាយ សិទ្ធិអំណាចដល់ថ្នាក់មូលដ្ឋាន ចាត់ចែងដែលចំណុចនេះហើយយើង ទទួលបានជោគជ័យ នៅថ្នាក់មូលដ្ឋាន»។

សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “នៅពេលថ្នាក់មូលដ្ឋានទទួលខុសត្រូវ បានធ្វើឲ្យនៅមូលដ្ឋានខ្វះកំលាំង ដូច្នេះហើយបានជាយើងត្រូវរៀបចំច្បាប់ ស្តីពី វិសោនកម្មស្តីពីការគ្រប់គ្រង ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវ នៅក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ ។ នេះចំណុចមួយដែលខ្ញុំសូមបញ្ជាក់ ហើយជាចំណុចត្រូវ ជម្រាបនៅពេលខាងមុខ។ យើងមិនអាចធ្វើអ្វីៗនៅថ្នាក់ជាតិ ហើយថ្នាក់មូលដ្ឋាននៅគៀក ជាមួយប្រជាពលរដ្ឋ មិនធ្វើសកម្មភាពនោះទេ»៕

To Top