នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ផ្ដាំផ្ញើគណបក្សនយោបាយ កុំនិយាយបំភ្លើស ឬបង្ខូច អ្វីដែលមិនពិតនៅកម្ពុជា (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់ កុំនិយាយបំភ្លើស ឬបង្ខូចឈ្មោះ ចំពោះបញ្ហាអ្វីដែលមិនពិត នៅកម្ពុជា ខណៈកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់គណបក្ស នយោបាយឡើយ។

សម្ដេចមានប្រសាសន៍ថា «ឥឡូវសួរមើល យើងសួរមើល មានចឹងមែនទេ? ចុះសាលារៀន មន្ទីរពេទ្យ ចាក់វ៉ាក់សាំងឲ្យតែគណបក្សប្រជាជន ឬយ៉ាងម៉េច? វាមិនចឹង ចឹងសូមផ្ដល់យុត្តិធម៌ ប្រជាពលរដ្ឋលោកបានស្ដាប់ អ្នកដែលនិយាយនោះ សូមឲ្យមានការពិចារណា»។

សម្ដេចបន្ដថា «យើងជាអ្នកកាន់អំណាច ត្រូវឈរលើគោលការណ៍ច្បាប់ យើងបង្កលក្ខណៈសម្បត្តិគ្រប់គណបក្សនយោបាយ ដែលធ្វើសកម្មភាព ប៉ុន្ដែគណបក្សនយោបាយទាំងអស់ ក៏មិនត្រូវបំភ្លើស បង្ខូច នៅអ្វីដែលមិនពិត។ ជូនអីរឿងតូច ទៅពង្រីកឲ្យរឿងប៉ុនភ្នំក៏មាន»។

សម្ដេច ក៏បានអំពាវនាវដល់មន្ដ្រីរាជរដ្ឋាភិបាល ត្រូវធ្វើខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ កុំចាត់ទុកខ្លួនជាចៅហ្វាយនាយប្រជាពលរដ្ឋ។ សម្ដេចថា អ្នកនយោបាយប្រឆាំងមួយចំនួនថា កម្ពុជា មិនមានការអភិវឌ្ឍន៍ ខណៈសកលលោក បានកោតសរសើរកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។

នាឱកាសនោះ សម្ដេចក៏បានអំពាវនាវដល់ អាណាព្យាបាលទាំងអស់ កុំពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ចពេក ត្រូវចូលរួមយកចិត្តទុកដាក់ លើកូនចៅរបស់ខ្លួន ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ដល់ពុកម្តាយក្រុមគ្រួសារ សូមមេត្តាគាំទ្រ និងចូលរួមគ្រប់គ្រងកូនចៅយើង ក្រោមអាណាព្យាបារបស់យើងផងដែរ ដោយមិនពឹងផ្អែកទាំងស្រុង មកលើអាជ្ញាធរ និងសាលារៀននោះទេ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីការពារសុខភាព ដល់កូនចៅរបស់យើង»។

សម្ដេចបន្ដថា ចំពោះសារធាតុគីមី ដែលគេលួចយកមកផលិតគ្រឿងញៀន មិនអាចកប់ចោលបានទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ដល់សុខភាពជាសាធារណៈ ជាពិសេសដល់ស្រទាប់យុវវ័យតែម្តង ដែលមានការព្រួយបារម្ភ ដូច្នេះសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បំផុតចំពោះបញ្ហាទាំងនេះ៕

To Top