កំពង់ចាម៖ នៅក្នុងវេទិកាពិគ្រោះយោបល់យុវជន ស្តីពីកការចូលរួមរបស់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងភាពជាអ្នកដឹកនាំ និងការងារសង្គម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានលើកទឹកចិត្តដល់យុវជន ឲ្យត្រងត្រាប់ស្តាប់រៀនសូត្រ ក្រេបជញ្ជក់យកគំនិតល្អៗ ពីវាគ្មិនជំនាញ ដើម្បីផ្ដល់ឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកភាពជោគជ័យ នាពេលអនាគត ។
លោកអភិបាលរងខេត្ត បានបន្តថាលោក សូមគាំទ្រយ៉ាងពេញទំហឹងនូវការបង្កើត ឲ្យមានវេទិការនេះឡើង ដែលវេទិកានេះពិតជាមានសារៈសំខាន់ សម្រាប់ការផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍធនធានមនុស្ស ។
ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់ប្អូនៗ យុវវ័យទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវគំនិតល្អៗ ពីវាគ្មិនដោយយកចិត្តទុកដាក់ ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹងថ្មីៗ ដែលជាផ្នែកមួយ នៃការកសាងធនធានមនុស្ស ឲ្យក្លាយទៅជាអ្នកដឹកនាំ ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងមានជំនាញយ៉ាងពិតប្រាកដ សម្រាប់យកទៅបំពេញការងារ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែមាន ការ រីកចម្រើនថែមទៀតនាថ្ងៃអនាគត។
លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានឲ្យដឹងថា ក្រោមជំនួយគាំទ្រ USAID តាមរយៈ អង្គការផេកកម្ពុជា នៃគម្រោងសហគ្រិនស្ត្រីវ័យក្មេង និងម្ចាស់ជំនួយផ្សេងទៀត របស់អង្គការដៃគូ យើងបានរួមគ្នាក្នុងការបង្កើន សមត្ថភាព ដល់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង សរុបចំនួន ១.០៤៧នាក់ យុវជនជាស្រ្តីចំនួន ៦៣៤នាក់ ដែលក្រុយុវជនមកពី អង្គការ AFD ១០០នាក់, NAS ៩១នាក់, BSDA ៨០១នាក់, SHE ៣០ នាក់, និង PDP ២៥ ។ ក្នុងឆ្នាំ២០២១ កន្លងទៅ យុវជនទាំង ១.០៤៧នាក់ ទទួលបានការពង្រឹង សមត្ថភាពបន្ថែម ពីភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈ ការសសេររបាយការណ៍ ការគៀងគរការគាំទ្រលើមតិ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណែត ការធ្វើអាជីវកម្មជាដើម ។
លោក សោម សុភ័ក្រ បន្តថា គម្រោងយើងបានគាំទ្រ ដល់ក្រុមយុវជ និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងការចូលរួមសិក្ខាសាលានានា ដើម្បីរៀនសូត្រ និងចែករំលែកពីបទពិសោធន៍ការងារ ចំណេះដឹងពីគ្នាទៅវិញទៅមក តាមរយៈបណ្តាញយុវជនក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងបាន ចូលរួមកិច្ចប្រជុំក្នុងកិច្ចសន្ទនា តុមូល វេទិកាពិគ្រោះយោបល់ ការដាក់ពិន្ទុលើសេវាពីសហគមន៍ ផ្តល់ជំនាញលើបំនិនជីវិត ដូចជាបដិសណ្ឋារកិច្ច, ជួសជុលម៉ូតូ, ជួសជុលរថយន្ត, ជួសជុលម៉ាស៊ីនត្រជាក់, តំឡើងកាមេរ៉ាសុវត្តិភាព, កែសម្ផស្ស ជាងកាត់សក់, បង្កើតជាសហគមន៍កសិកម្មស្ត្រីវ័យក្មេង, ផ្តល់ដើមទុនវិនិយោគ តាមរយៈគម្រោងខ្នាតតូច, និងផ្ដល់ជាអាហារូបករណ៍ ដល់សិស្សក្រីក្រ នៅតាមសហគមន៍ផងដែរ៕