ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បាននិងកំពុងពិនិត្យ ពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យ សុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអនុវិស័យជលផល ដើម្បីជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក Benoir Bosquet នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល បានថ្លែងអំណរគុណ ចំពោះ ក្រសួងកសិកម្ម បានចូលរួមយ៉ាងសកម្ម ក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោង បានជោគជ័យនាពេលកន្លងមក។
លោកបញ្ជាក់ថា «ជាមួយគ្នានេះ ធនាគារពិភពលោកកំពុងពិនិត្យពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងវិស័យកសិកម្ម និងដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញផងដែរ»។
លោក Benoir Bosquet បានបន្ថែមថា ក្រៅពីនេះ ធនាគារពិភពលោក ក៏មានគម្រោងរៀប ចំផែនការយុទ្ធសាស្រ្តឆ្លើយតប និងបន្ស៊ាំ ទៅនឹងការប្រែប្រួល អាកាសធាតុ នៅក្នុងវិស័យកសិកម្ម ដើម្បីធានានិរន្តភាព នៅក្នុងវិស័យនេះ ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគម្រោង កម្មវិធី និងផែនការនានា ដែលពាក់ព័ន្ធក្នុងការ អភិវឌ្ឍន៍វិស័យកសិកម្ម។
លោក ក៏អំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ លោក បានឲ្យដឹងថា ដំណើរគម្រោងទាំងឡាយ ក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោក មានដំណើរការរលូនល្អ និងបានជួយជំរុញកំណើន ផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច៕