ព័ត៌មានជាតិ

«​ពានរង្វាន់លើកទឹកចិត្ត ចំពោះ​អ្នកសារព័ត៌មាន ៥សម័យកាល​» ជ្រើសរើសអ្នកសារព័ត៌មាន​ ទាំង១៤ ​រូប​

អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប នៅ​ ៥ សម័យកាល​ផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩​៧០ រហូតដល់ឆ្នាំ ២០១០ ​ត្រូវបាន​ជ្រើសរើសក្នុងការ​ផ្តល់នូវ «​ពានរង្វាន់​លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យ​កាល​» ដើម្បី​លើកកម្ពស់វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ការផ្តល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន​។

កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើម​គំនិត​រៀបចំឡើងដោយ​ក្រសួង​ព័ត៌មាន ដើម្បី​ជាការ​រំឭក​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់​អ្នកសារព័ត៌មានដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​ចាប់ពីទសវត្សរ៍​ឆ្នាំ​១៩៧០ មកដល់​បច្ចុប្បន្ន​។

ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ​ តាមសម័យកាលនីមួយៗ។

នេះ​ជា​លើក​ទី​ ១ និង​ជា​ឆ្នាំដំបូង​ ដែល​ក្រសួង​ព័ត៌មាន​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងនោះ​គណៈកម្មការ​រៀបចំ​កម្មវិធី មាន​ការជ្រើសរើស​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់ ដើម្បី​សិក្សា​អំពី​ប្រវត្តិ ស្នាដៃ​ការងារ និង​លក្ខណសម្បត្តិ ដាក់​ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។ នេះ​ជាការ​ថ្លែង​របស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ វាយតម្លៃ​ពិនិត្យ​អ្នកសារព័ត៌មាន​។

ការបង្កើត​កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ឡើង គឺ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ អ្នកសារព័ត៌មាន​ជើងចាស់​ទាំង​អស់ដែល​នៅតែ​បន្ត​ចូលរួម​ការងារ ​ជាមួយ​នឹង ​វិស័យសារព័ត៌មាន​នេះ​។ លោក​គូសបញ្ជាក់ថា​៖ «​ពាន​រង្វាន់​​លើកទឹកចិត្ត​ចំពោះ​ អ្នក​សារព័ត៌មាន​ផ្ដល់ជូន​ដល់​អ្នក​សារព័ត៌មាន​នៅក្នុង​ឆ្នាំ​ ១៩៧០ ឆ្នាំ ​១៩៨០ ឆ្នាំ​ ១៩៩០ ឆ្នាំ​ ២០០០ និង​ឆ្នាំ​ ២០១០​។»

ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌នឹងរៀបចំ​​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៀត អាស្រ័យអ្នក​ឧបត្ថម្ភគាំទ្រ​។  ​ក្រសួងមានឆន្ទៈ ​រៀបចំកម្មវិធីពានរង្វាន់នេះ រៀងរាល់ឆ្នាំ​ ដោយជ្រើសរើស​ផ្តល់​ពាន​ឱ្យចំ​នឹង​ព្រឹត្តិការណ៍​របស់​ជាតិ​ ដូចជា​ថ្ងៃ​ជំនួប​អ្នកសារព័ត៌មាន ​ជាមួយនឹង​សម្តេចនាយករដ្ឋមន្ត្រី​  ឬ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ជាដើម​។

អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់​ពានរង្វាន់​លើកទឹកចិត្ត​នេះ​រួមមាន សម្រាប់​ទសវត្សរ៍​ឆ្នាំ​១៩៧០ មាន៖

  • ​លោក ជេត សន និពន្ធ​នាយក​កាសែត ភ្នំពេញ​ថ្មី និង​ជា​ ប្រធាន​រដ្ឋបាល​ក្លិប​អ្នកកាសែត​កម្ពុជា។​
  • លោក ព្រហ្ម សាយ និពន្ធ​នាយក​អរិយធម៌​ខ្មែរ​។

សម្រាប់​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ មាន៖

  • លោក​ ទាវ សារៈមុនី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា។
  • លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា​វិទ្យុ FM102។
  • លោក ពេជ ប៊ុនរ៉ា និពន្ធ​នាយក​ទូរទស្សន៍​ហង្ស​មាស

សម្រាប់​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​មាន៖

  • លោក ជុន សុផល អ្នក​យក​ព័ត៌មាន​នៃ​ទស្សនាវដ្តី​អង្គរធំ​។
  • លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើមអម្ពិល។
  • លោក​ មឿន ឈានណារិទ្ធ បណ្ណាធិការរង និង​ជា​អ្នកសរសេរ​អត្ថបទ​បែប​ពណ៌នា​ នៅ​ កាសែត​ខ្មែរ-ថាមស៍ និង​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន នៃ​វិទ្យាស្ថាន​សារព័ត៌មាន។

សម្រាប់​ឆ្នាំ ​២០០០ មាន៖

  • លោក ម៉ៃ ទិត្យថារ៉ា មន្ត្រី​ជំនាញ​ផ្នែក​សារព័ត៌​មាននៃ Internews ប្រចាំ​កម្ពុជា។
  • លោក លី ម៉េងហួរ អ្នក​សារព័ត៌មាន​នៃ​ទូរទស្សន៍ PNN​។

សម្រាប់​ទសវត្សរ៍​ឆ្នាំ ២០១០ មាន៖

  • លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែក​បរិស្ថាន និង​សង្គម នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ។
  • លោក មិន ម៉ៅ​- សំណាង អ្នកសារព័ត៌មាន​ទូរ​-​ទស្សន៍ PNN និង​ជា​តំណាង​បណ្តាញ​ អ្នកសារព័ត៌មាន​ផ្នែក​ទឹក និង​អនាម័យ​កម្ពុជា។
  • អ្នកស្រី​ ញឹក ស្រីល័ក្ខ និពន្ធ​នាយិកា​សារព័ត៌មាន​ថ្មីៗ ២៥ ​រាជធានី​-​ខេត្ត​។
  • លោក វ៉ាន់ សារាយ អគ្គនាយករង​ផ្នែក​ ផ្សព្វផ្សាយ​ ព័ត៌មាន ​នៅ​អង្គភាព Fresh News ។

កម្មវិធី​ផ្តល់ «​ពានរង្វាន់​លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ៥សម័យកាល​» នេះ បង្កើតឡើង​ដោយ​ក្រសួង​ព័ត៌មាន ដោយមាន​ការសហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយសារ​ព័ត៌មាន​ត្នោត និង​សារព័ត៌មាន​ថ្មីៗ​។

នាយក​មាតិកា​ភាសា​ខ្មែរ​នៃ​សារព័ត៌មាន​ត្នោត លោក ព្រំ សិលា គូសបញ្ជាក់ឱ្យបានដឹងថា គោល​បំណង​របស់​ត្នោត​ក្នុងការ​សហការ​គាំទ្រ​កម្មវិធី​នេះ​ឱ្យ​លេច​ជា​រូបរាង​ឡើង​ដោយសារតែ​ចង់​លើកកម្ពស់​វិស័យ​សារព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​អ្នកសារព័ត៌មាន ក្នុងស្រុក​ដើម្បី​បង្កើន​ឱ្យមាន​មាតិកា​ចម្រុះ និង​មាន​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា​។ លោកបន្ថែមថា​៖ «​ការលើកកម្ពស់​តាមរយៈ​ កម្មវិធី​ពានរង្វាន់​នេះ ដោយ​ផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ​នៅ​សម័យកាល​នីមួយៗ ដែល​អ្នក​សារព័ត៌មាន បាន​ខិតខំ​ឈ្មុសឈ្មុល និង​វិភាគទាន ​ទាំង​កម្លាំងកាយ ​ចិត្ត​ប្រាជ្ញា​ ស្មារតី​ដល់​ការយក​ព័ត៌មាន និង​ដល់​វិស័យនេះ​ទាំងស្រុង ពោលគឺ​ពួកគាត់​ជា​បុគ្គល​ឈានមុខ​ ដើម្បី​ជំរុញ​ឱ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​»។

សូមបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំបំផុត​ ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា។​ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ​ បានផ្តួចផ្តើមគំនិត និង​បានកំណត់​កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់​ពីទសវត្សរ៍ឆ្នាំ ១៩​៧០ ដល់​ឆ្នាំ២០១០​ ​ដែលកម្មវីធីនេះ​គ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ​ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល។

គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០​២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍លក្ខខណ្ឌនិង ផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លង មក។

ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧប​ត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអា​កាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕

ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ

ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក

សហការ ឧបត្ថម្ភដោយ

ព័ត៌មានលម្អិតសូមផ្ញើចូលទៅកាន់ Link ខាងក្រោមនេះ

https://cja.tnaot.com/committee/​

To Top