ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា ។
វិស័យកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ ស្មារតីទទួលខុសត្រូវធ្វើការ លះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗ សំដៅដល់ការប្រើប្រាស់ បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពល ដែលមានស្រាប់ ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ ចំណូល ព្រមទាំងធានា បាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀង ប្រកបដោយចីរភាព នៅកម្ពុជាឆ្នាំ២០៣០” ធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់ជីវភាព ៕