ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញបទបញ្ជា ឱ្យអភិបាលខេត្ត មន្រ្តីជំនាញ និងកងកម្លាំងប្រដាប់ អាវុធត្រូវចុះស្រាវជ្រាវក្រុមឈ្មួញទុច្ចរិត ដែលបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប ដោយប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីចាប់ជនល្មើស ព្រោះជនល្មើសប្រើប្រាស់ កាណូតល្បឿនលឿន ជាងរបស់មន្ត្រីជលផល ។
ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា កន្លងមកទន្លេសាបបានកាត់បន្ថយផ្ទៃ រហូតដល់ជាង៦ម៉ឺនហិកតា ។
សម្ដេចតេជោ បានចោទថាអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប តើបានធ្វើអ្វីខ្លះ ទើបបានជាបណ្ដែតបណ្ដោយ ឱ្យប្រជាពលរដ្ឋកាប់បំផ្លាញព្រៃលិច ទឹកអស់រាប់ម៉ឺនហិកតា ។
សម្តេចបន្តចោទសួរថា ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រៃលិចទឹក មានក្រសួងមួយចំនួនគ្រប់គ្រង ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ឬមកពីមនុស្សច្រើនពេកបានជាធ្វើ មិនបានកើត?
សម្តេចបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋមានការលំបាក ប៉ុន្តែរឿងនេះ ជាផលប្រយោជន៍ជាតិ យើង បើសិនបណ្តោយបែបនេះមួយឆ្នាំៗទៀត តើបឹងទន្លេរសាប នៅសល់ប៉ុន្មាន? តែបន្ទាប់ ពីរាយការណ៍យើង បានចែកជាតំបន់ពីរនៅក្នុងខេត្តកំពង់ធំ ហើយ ក្រៅពីនោះបានប្រ គល់មករដ្ឋវិញ ជាង៦ម៉ឺនហិកតា»។ សម្តេចក៏បានលើកឡើងថាផ្ទៃដី៦ម៉ឺនហិកតានេះគោលដៅគឺដាំដើមឈើសម្រាប់ព្រៃលិចទឹកដើម្បីទុកជាជម្រកត្រីពងកូន។
ជាមួយគ្នានោះដែរសម្តេចបានផ្តាំ ទៅថ្នាក់ដឹកនាំក្រសួង កុំបន្តឲ្យមានសកម្មភាពដដែលបែបនេះ ។
សម្តេចគូសបញ្ជាក់ថា៖ «អស់លោកដែលជាអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប ត្រូវដឹកនាំត្រូវយកការ ទទួលខុសត្រូវមួយ នៅក្នុងហ្នឹង អំណាចប្រគល់ ឲ្យរួចហើយ ហើយក្រសួង ដែលជាអ្នកទទួលសុខ ត្រូវក៏ត្រូវតែដោះស្រាយបញ្ហានេះ ។ ជាក់ស្តែងច្បាប់ជលផល រហូតមកដល់ពេលនេះ មិនទាន់ធ្វើចេញទៀត»។ សម្តេចបានលើកឡើងថាច្បាប់ជលផលនេះ ធ្វើមិនទាន់ចេញ ដោយសារអស់លោកមិនព្រមធ្វើ ។ ក្រសួងកសិកម្ម មានសេនាធិការរហូតដល់៣ គឺមានរដ្ឋបាលជលផល មន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ អីចឹងក្បាលមួយជើងដល់បី ។ ជាមួយគ្នានោះដែរសម្តេច ក៏បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «រឿងមួយដែលខ្ញុំឲ្យធ្វើ តើអស់លោកធ្វើបានឬមិនបាន? នោះគឺការបំផ្លិចបំផ្លាញ ធនធានត្រីនៅបឹងទន្លេសាប ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ណាស់ប៉ុន្មានថ្ងៃនេះ«…» អ្នកស៊ើបអង្កេតខ្ញុំបានចុះសើប អង្កេតបានផ្ញើរ រូបមកខ្ញុំ គាត់និយាយថាមិនអាចចាប់បាន រហូតដល់ប្រាប់ដល់អភិបាលខេត្ត តែអភិបាល ខេត្តថាមិនអាចចាប់បាន ព្រោះពួកជនល្មើសលឿនពេក»។ ករណីថា ជនល្មើសចាប់ត្រី ក្នុងបឹងទន្លេសាប រហូតដល់ ចាប់មិនបានត្រូវបាន សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ហេ ! លឿនយ៉ាងណាយើង ដាក់ឧទ្ធម្ភាគចក្រ ត្រៀមក្បែហ្នឹងទាំង អស់ បាញ់ពី លើតែម្តង។ តើមនុស្សទៅណាខេត្តពោធិ៍សាត់កន្លងមកចាប់មិនបាន តែក្រោយមកចាប់បាន តែខេត្តដទៀតចាប់មិនបានអីចឹង អស់លោកនាំគ្នាធ្វើ»។ ក្នុងឱកាសនោះដែរសម្តេចក៏បានបញ្ជាឱ្យអគ្គមេបញ្ជាការកងទ័ព និងអគ្គមេបញ្ជាការនគបាល ជាតិដាក់ចេញកម្លាំង រកវិធីកម្ចាត់ចោល មេឈ្មួញទុច្ចរិតដែលបំផ្លាញត្រី ។ ចំណែក្រសួងកសិកម្ម ផ្ទាល់ត្រូវធ្វើការឲ្យសកម្មផងដែរ ដោយសារខ្លួនមានកម្លាំង ផ្នែកជលផលរួចហើយ ៕