ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមការងាររាជរដ្ឋាភិបាល តែងតែ ផ្សារភ្ជាប់ជាមួយពលរដ្ឋ មិនមែនចុះមកមូលដ្ឋាន ជិះសេះមើលផ្កាឡើយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ ធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាណន់ និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ហើយតែងតែផ្សារភ្ជាប់សកម្មភាពរបស់ខ្លួនជាមួយនឹងការងារមូលដ្ឋាន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងាររាជរដ្ឋាភិបាល មានការងារជំនាញ និងទទួលខុសត្រូវក្នុងវិស័យ ដែលក្រសួងបានបែងចែក និងប្រគល់ជូន ហើយក្រៅពីនោះ គឺផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនមែនចុះមកដើម្បីប្រៀបដូច ថា ជិះសេះមើលផ្កា ទេ»។

សម្ដេចក្រឡាហោម បានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ ដើម្បីផ្ដួតផ្ដើមគំនិតរិះរកមធ្យោបាយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។ សម្ដេច បានបន្ថែមថា មិនមែនតែស្រុកបាណន់ នោះទេ គឺមាននៅស្រុកផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ទោះបីកម្រិតខុសគ្នាក៏ដោយ ប៉ុន្ដែ ក្រុមការងាររាជរដ្ឋាភិបាល មានឆន្ទះ ទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដូចគ្នា។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែចាត់ទុកការងារជួយប្រជាពលរដ្ឋ គឺមានតម្លៃខ្ពស់ ហើយចុះជួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល ដែលប្រជាពលរដ្ឋជួបការលំបាក។

នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋទាំងអស់ចេញពីជំងឺកូវីដ១៩ ដោយគ្មានការរើសអើង ប្រកាន់ ឬ បែងចែកនិន្នាការនយោបាយឡើយ៕

To Top