ព័ត៌មានជាតិ

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ បុរសជាប់ចោទជនជាតិចិន ៣ នាក់ និង ខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការផលិតកែច្នៃ និង ជួញដូរគ្រឿងញៀនជិត ៥៥ គីឡូក្រាម

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទជនជាតិចិន ចំនួន ៣ នាក់ និង ខែ្មរម្នាក់ ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត៥៥ គីឡូក្រាម
ប្រព្រឹត្ត ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៥។

លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បាបថ្លែងអោយដឹងនៅក្នុងអង្គសវនាការ ថា ជនជាប់ចោទទាំង៤នាក់មានឈ្មោះ ៖ ទី១- ឈ្មោះ លីវ ស៊ឺ​ ភេទ​ប្រុស​ អាយុ៤៩ ឆ្នាំ ជនជាតិខែ្មរ, ទី២-ឈ្មោះ តឹង យ៉ាងភីង ភេទ​ប្រុស​ អាយុ ៦០ ឆ្នាំ ជនជាតិចិន , ទី៣- ឈ្មោះ លី យ៉ុន ហៅ​ចៃ ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិចិន, និង ទី៤- ឈ្មោះ ដំា ញ៉ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ​ចិន។ ។

ពួកគេទាំង៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៦ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ។

ពួកគេត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: ផលិតកែច្នៃ និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៣៩ និង ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បាន តម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពួកគេ ក៏បានប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១៦ និង១៧ ខែ​មិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​C១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ និង នៅខេត្ត​ស្ទឹងត្រែង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វតាមីន ទម្ងន់សរុប ៥៤.៥៩៩,៦០ ក្រាម ( ជិត ៥៥ គីឡូក្រាម) និង សារធាតុគ្រឿងញៀន មួយចំនួនធំទៀត ពីពួកគេ។

តុលាការកំពូលនឹងប្រកាសសាលដីកា សំណុំរឿងក្ដីនេះ នៅព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top