ព័ត៌មានជាតិ

អាជ្ញាធរ នឹងបិទផ្លូវជុំវិញមន្ទីរពេទ្យព្រះអង្គឌួង បណ្តោះអាសន្ន ក្នុងថ្ងៃសម្ពោធអគារមន្ទីរពេទ្យ នៅថ្ងៃ២៨ មីនា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យពលរដ្ឋ បញ្ជៀសចរាចរជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវទាំងអស់ជុំវិញ មន្ទីរពេទ្យព្រះអង្គឌួង ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាថ្ងៃ២៣ មីនាថា ចាប់ពីវេលាម៉ោង៥ ព្រឹកថ្ងៃ២៨ មីនា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួងស្ថិតនៅភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ដើម្បីឲ្យកម្មវិធីប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរ ជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាត ឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថីព្រះនរោត្តម ចាប់ពីវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្ដម កំណាត់វិថីព្រះជ័យជេដ្ឋា (ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្ដម ៕

To Top