ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ក៏ដូចជាលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមសាលារៀនឲ្យរួមគ្នា ដាំដើមឈើបានច្រើន ដើម្បីកាត់បន្ថយកម្តៅ និងបង្កើនសោភ័ណភាព ព្រមទាំងដើម្បីកាត់បន្ថយ គ្រោះមហន្តរាយនានា ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធមួយចំនួននៅខេត្តបាត់ដំបង់ កាលពីថ្ងៃទី២៣ មីនា សម្ដេច ស ខេង បានមានប្រសាសន៍ថា ការដាំដើមឈើក្រៅពីជួយកាត់បន្ថយកម្តៅ ក៏បានជួយដល់បរិស្ថាននៅជុំវិញខ្លួនមានខ្យល់បរិសុទ្ធ ព្រោះដើមឈើបញ្ចេញខ្យល់អុកស៊ីសែន និងស្រូបឧស្ម័នកាបូនិច ។
សម្តេចក្រឡាហោម ក៏បានលើកឡើងទៀតនូវបញ្ហាអាកាសធាតុ ដែលមានការប្រែប្រួលជាបន្តបន្ទាប់ ដោយសារតែការកើនឡើងកម្តៅ ហើយកម្ពុជាក៏នឹងកើនឡើងកម្តៅកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំខាងមុខ ក៏ប៉ុន្តែប្រសិន មានដើមឈើដាំដុះជុំវិញផ្ទះ នោះប្រាកដជាអាចជួយ កាត់បន្ថយកម្តៅ បានយ៉ាងច្រើន។
សម្តេចក្រឡាហោម បានណែនាំប្រជាពលរដ្ឋថែរក្សាអនាម័យ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើទោះបីជាក្រីក្រ ក៏កុំភ្លេចរឿងអនាម័យ ។ សម្តេច ក៏បានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវត្រៀមលក្ខណៈទុកជាស្រេចឲ្យ បានទាន់សភាពការណ៍ករណីមានខ្យល់ព្យុះ ខ្យល់កន្ទាក់ ទឹកជំនន់ គ្រោះរាំងស្ងួតនានាកើតឡើងក្នុងតំបន់ ត្រូវធ្វើសកម្មភាពជួយជាបន្ទាន់ ឲ្យទាន់ពេលវេលា ៕