ភ្នំពេញ ៖ លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានស្នើសុំឲ្យកម្ពុជា ពិនិត្យលទ្ធភាពក្នុងការបង្កើត ស្ថានអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ មីនា លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ជិតស្និតរវាងកងទ័ព ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ពិសេសលើជំនាញ ប្រតិបត្តិការ រក្សា សន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានា របស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការ បង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជា ។
ក្នុងកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ពីស្ថានភាពបច្ចុប្បន្ន ដែលបញ្ហាប្រឈមជំងឺកូវីដ១៩ មានភាពធូរស្រាល និងឈានទៅបើកដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យ ដោយមានការដឹកនាំពូកែ ប៉ិនប្រសប់ និងផ្លាស់ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចតេជោ ហ៊ុន សែន គួបផ្សំនឹងការចូល រួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រ ពីបណ្តាប្រទេសជាមិត្ត។
ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាល កងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាព បំពេញបេសកកម្មក្រោមក្របខ័ណ្ឌ របស់អង្គការសហប្រជាជាតិ ។
នាយឧត្តមសេនីយ៍ បានលើកឡើងពីការពិចារណា នៅក្នុងការស្នើបើកស្ថាន អនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានា របស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ ៕