ព័ត៌មានជាតិ

សម្តេចតេជោ ជំរុញក្រុមហ៊ុន HUAWEI បន្តធ្វើការជាមួយ ក្រសួងប្រៃសណីយ៍ ធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបច្ចេកវិទ្យា ចុងក្រោយបំផុត (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បន្តធ្វើការជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាននូវសុវត្ថិភាព អធិបតេយ្យភាពព័ត៌មាន និងមានការប្រកួតប្រជែងលើពិភពលោក ។

ក្នុងទទួលបានការអនុញ្ញាតចូល ជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ មីនានេះ ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែង សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរលោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លីន បៃហ្វេង ដែលកន្លងមកបានផ្ដល់ជូនកម្ពុជា នូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងនៅពេលនេះបានផ្តល់ជូន នូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកុំព្យូទ័រផងដេរ ៕

To Top