ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបើកកិច្ចប្រជុំ លើកទី១១ អាណត្តិទី១ ដើម្បីពិនិត្យ ពិភាក្សា លើរបៀបវារៈមួយចំនួន

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យ ពីថ្នាក់ដឹកនាំ និងក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកនេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យ និងកែសម្រួល លើសេចក្ដីព្រាងប្រកាសចំនួន២  ។ 

សេចក្តីព្រៀងប្រកាសរួមមាន៖ ១).សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ និង ២).សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ។

ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូន សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ពិនិត្យ និងពិភាក្សា ព្រមទាំងកែសម្រួលប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ លើសេចក្តីព្រាងប្រកាសខាងលើ ដើម្បីពង្រឹងការអនុវត្ត វិធានការច្បាប់ និងពង្រឹងយន្តការអនុវត្តការងារ ព្រមទាំងរក្សាតម្លាភាព លើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ របស់បេឡាជាតិសន្តិសុខសង្គម ឲ្យកាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាពស្របតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម ។

បន្ទាប់ពីក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា ពេញមួយព្រឹកនេះ សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធី នៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៣ជំពូក ៧ប្រការ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អនុម័តទាំងស្រុង ដោយឡែកសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៧ជំពូក ២២ប្រការ បានពិនិត្យ និងកែសម្រួល ២ជំពូក និង៧ប្រការរួចរាល់ ចំពោះចំណុចដែលនៅសេសសល់ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នឹងលើកកិច្ចប្រជុំពិភាក្សា នាពេលក្រោយទៀតតាមការគ្រោងទុក។

ជាមួយគ្នានោះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង និងការសហការយ៉ាងល្អ របស់ក្រុមប្រឹក្សាភិបាល ប.ស.ស. ព្រមទាំងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប.ស.ស. នៅតែបំពេញតួនាទីយ៉ាងល្អ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ 

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១០ រូប៕

To Top