ព័ត៌មានជាតិ

បទវិភាគ៖ ជំនួយរបស់ចិន បានធ្វើឱ្យវិស័យសុខាភិបាល កម្ពុជា កាន់តែមានភាពទំនើប និងចូលរួមកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ប្រទេសចិន និងកម្ពុជា ជាមិត្តដែកថែបគ្រប់រដូវកាល ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា ៖ វិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសវិស័យសុខាភិបាល។

ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេឃើញថា ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ ដល់ក្រុមគ្រូពេទ្យ និងការសាងសង់មន្ទីរពេទ្យ នៅកម្ពុជា ទាំងនៅភ្នំពេញ និងតាមខេត្ត ដើម្បីសម្រួល ដល់ប្រជាពលរដ្ឋ មានអាចមានលទ្ធភាព ព្យាបាលជំងឺ ចំណាយថវិកាតិច មិនពិបាកធ្វើដំណើរចេញ ទៅព្យាបាលនៅក្រៅប្រទេស ដូចកាលពីមុន។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់អ្នកយកព័ត៌មាន វិទ្យុមិត្តភាពកម្ពុជាចិនថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ សម្រាប់អភិវឌ្ឍន៍សង្គមជាតិ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។

«យើងបានដឹងហើយថា សុខភាពល្អ គឺជាតម្រូវការសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋ ហើយសុខភាពល្អ ក៏ជាកត្តាលើកតម្កើង នូវធនធាន និងប្រាជ្ញាមនុស្សផងដែរ។ ចាប់តាំងពីពេលចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ននេះ។ ជំនួយរបស់ចិនបានចូលរួម ជួយកម្ពុជា ក៏ដូចជាបណ្តាប្រទេស នៅលើពិភពលោក ទាំងការកាសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង ដែលឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ឬក៏វិស័យអាទិភាព សម្រាប់អភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្រ ដល់មនុស្សជាតិ។ ក្រៅពីនេះ ជំនួយរបស់ចិន ក៏បានចូលរួមចំណែក​ អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដែលហៅថាផ្នែកទន់ ជាក់ស្តែងកាលពីសប្តាហ៍មុន ចិនបានបញ្ជូនក្រុមគ្រូពេទ្យ បុរាណចិន មកជួយបណ្តុះបណ្តាល ចែករំលែក បទពិសោធន៍ និងជួយព្យាបាលកូវីដ-១៩ ដល់គ្រូពេទ្យកម្ពុជាផងដែរ»។

លោកបណ្ឌិតបញ្ជាក់ទៀតថា ការផ្ដល់ជំនួយរបស់ចិន ​មកកម្ពុជាជាបន្តបន្ទាប់នេះ គឺជារួមគ្នាកសាងជោគវាសនា សហគមន៍រួម របស់កម្ពុជា-ចិន ដោយឈទៅលើការបំពេញ បាននូវតម្រូវការសុខភាព ការអភិវឌ្ឍវិស័យអាទិភាពនានា នៅកម្ពុជា ដើម្បីឈានទៅលុបបំបាត់ ភាពក្រីក្ររបស់ប្រជាជន។

លោក ជា ច័ន្ទ បរិបូរណ៍រដ្ឋលេខាធិការ​ ក្រសួងព័ត៌មាន និងជាអ្នកវិភាគផ្នែកសង្គម នៅកម្ពុជា បានប្រាប់ វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ជំនួយរបស់ប្រទេសចិន លើផ្នែកសុខាភិបាល គឺមានកត្តាបីសំខាន់ៗ ៖ ទី១ ការធ្វើទំនើបកម្មទាក់ទង ទៅនឹងសម្ភារៈបច្ចេកទេស ទីពីរការធ្វើទំនើបកម្ម ទៅលើការព្យាបាលជំងឺ និងទីបីបង្ហាញឱ្យឃើញ ពីកិច្ចសហប្រតិបត្តិការ ផ្នែកវេជ្ជសាស្ត្រកម្ពុជា និងចិន។ ដែលទាំងនេះ បានបម្រើដល់សុខភាព របស់ប្រជាពលរដ្ឋ ជាក់ស្តែងគឺបញ្ហាកូវីដ១៩ គឺកម្ពុជាទទួលបានវ៉ាក់សាំង និងជំនួយបច្ចេកទេស ពីគ្រូពេទ្យចិន សម្រាប់ជាមួលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

លោកបញ្ជាក់ថា ជំនួយរបស់ចិន ពិតបានធ្វើឱ្យវិស័យសុខាភិបាលកម្ពុជា កាន់តែមានភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ព្រោះសុខភាពជារឿងសំខាន់ សម្រាប់ប្រជាពលដ្ឋ។ «ជាការពិតណាស់ ការវិនិយោគ ក៏ដូចជាការជួយលើវិស័យសុខភាព របស់រាជដ្ឋាភិបាល ជាការជួយសម្រាលបន្ទុក របស់ប្រជាជនកម្ពុជា សម្បើមណាស់ ទោះក្នុងរូបភាពណាក៏ដោយ ពួកគាត់ខិតខំស្រវ៉េស្រវ៉ាខ្ចីបុលគេ ដើម្បីព្យបាលខ្លួន។ ហើយពេលរាជរដ្ឋាភិបាល ខិតខំពង្រឹងវិស័យសុខាភិបាល កាន់តែល្អបែបនេះ គឺសម្រាលបន្ទុក និងផ្តល់ក្តីសង្ឃឹមច្រើន ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចពន្យាអាយុ នៃការស់របស់ប្រជាជនកម្ពុជា កាន់តែវែង។ ទាំងនេះកើតចេញពីការខិតខំ របស់រាជរាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់ជំនួយរបស់ចិន »។

ប្រិយមិត្តជាទីមេត្រី! បើនិយាយពីជំនួយ របស់ប្រទេសចិន ពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល គឺគ្រាន់តែនៅដើម២០២២នេះ មន្ទីរពេទ្យធំៗ ចំនួនពីរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាងវិនធៀន ឯកអគ្គរដ្ឋទូត វិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាកម្ពុជា។ ដែលមន្ទីពេទ្យទាំងពីរនោះ គឺទីមួយគឺមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥លានដុល្លារ សម្ពោធ កាលពីថ្ងៃទី៧ខែមីនា ដែលមន្ទីរពេទ្យនេះ មានទទួលព្យាបាល ផ្នែកជំងឺទូទៅ ,ផ្នែកជំងឺកុមារ ,ផ្នែកជំងឺឆ្លង ,ផ្នែកពិគ្រោះជំងឺក្រៅ ,ផ្នែកប្រពោធនកម្ម (ICU) ,ផ្នែកសង្គ្រោះបន្ទាន់ ,ផ្នែកវះកាត់ ,ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍ជាដើម។

ទីពីរមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានតម្លៃ ៨០លានដុល្លារអាមេរិក ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់​ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ។ មន្ទីរពេទ្យនេះ មានបំពាក់ដោយឧបករណ៍ វេជ្ជសាស្ត្រទំនើបៗ ហើយត្រូវបានធ្វើ ទំនើបកម្មកាន់ តែខ្លាំងបន្ថែម លើជំនាញវះកាត់ ជាមួយឧបករណ៍វេជ្ជសាស្ត្រ ដែលប្រើបច្ចេកវិទ្យាចុងក្រោយ កម្រិតអន្តរជាតិ ។ មានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្រលាន ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈដូចជាតម្រង នោម និងថ្លើមជាដើម។

របាយការណ៍ ក្រសុខាភិបាលកម្ពុជា បានឱ្យដឹងថា មន្ទីរពេទ្យកម្ពុជា-ចិនព្រះកុសុមៈត្រូវបានរៀបចំឡើង ដោយស្របតាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗ នៅលើពិភពលោក មានបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏នៅក្នុងមន្ទីរពេទ្យនេះ មានដូចគ្នា។ មន្ទីរពេទ្យនេះ មានសមត្ថភាពព្យាបាល មិនចាញ់មន្ទីរពេទ្យ ក្រៅប្រទេសនោះឡើយ។ ដូច្នេះវត្តមាននៃមន្ទីរពេទ្យ ដែលមានឧបករណ៍ វេជ្ជសាស្ត្រទំនើបនេះ នឹងកាត់បន្ថយការចេញទៅក្រៅប្រទេស ស្វែងរកសេវាព្យាបាល របស់ប្រជាពលរដ្ឋខ្មែរ។

ក្រៅពីនេះ ប្រទេសចិន ក៏បានផ្តល់ជំនួយ ដល់មន្ទីរពេទ្យកម្ពុជា តាមបណ្តារាជធានីខេត្ត ជាច្រើនទៀតផងដែរ ដើម្បីព្យាបាលប្រជាជនកម្ពុជា ។

ជំនួយរបស់ប្រទេសចិន លើវិស័យសុខាភិបាលកម្ពុជា ជាបន្តបន្ទាប់នេះ ពិតបានផ្តល់នូវ សេចក្តីទុកចិត្តមួយកម្រិតថែមទៀត​​ សម្រាប់ប្រជាជនកម្ពុជា ទៅប្រព័ន្ធសុខាភិបាលរបស់រដ្ឋ ដោយពួកអាចជ្រើសរើស ការព្យាបាលជំងឺផ្សេងៗ នៅក្នុងស្រុកកាន់តែច្រើន និងមិនចាំបាច់ទៅព្យាបាល នៅបរទេសដូចមុនទៀតឡើយ។ នៅពេលមានពេទ្យល្អ នៅក្នុងប្រទេសបែបនេះ ប្រជាពលរដ្ឋក្រីក្រឬជីវភាពមធ្យម អាចមានលទ្ធភាព ស្វែងរកកន្លែងព្យាបាលជំងឺ របស់ពួកគាត់ កាន់តែងាយស្រួល ដោយចំណេញទាំងថវិកា និងពេលវេលា សុខភាពក្រុមគ្រួសារល្អ ជីវភាព ក៏រីកចម្រើនផងដែរ៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

To Top