ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ ប្រាប់ក្រុមហ៊ុន សាងសង់កំណាត់ផ្លូវជាតិលេខ៥ ត្រូវផ្តោតលើគុណភាពជាចម្បង

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ ដោយឈរលើគោលការណ៍ គុណភាពជាចម្បង ធានាដល់ការប្រើប្រាស់ បានយូរអង្វែង និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមការដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដាក់ផ្លាកសញ្ញាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវពេលយប់ជាដើម។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុង ឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ។

ថ្លែងក្នុងកម្មពិធីនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរ អំពីការសាងសង់រួចរាល់ ជាស្ថាពរ១០០% នៃកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ដោយឡែកទាក់ទងនឹង កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅធ្លាម្អម (ពោធិ៍សាត់) លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គ្រោងនឹងត្រូវបញ្ចប់ ការសាងសង់នៅឆ្នាំក្រោយ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល ចែកចេញជា៥កញ្ចប់ការងារ ដូចតទៅ៖

+កញ្ចប់ទី១- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង និងស្ថាបនាផ្លូវវាងក្រុងពោធិ៍សាត់ ក្រាលកម្រាល AC កម្រាស់១៥សម និងសួនកណ្តាល ប្រវែង១៩,៨០គីឡូម៉ែត្រ (ផ្លូវវាង១១,៦៩គីឡូម៉ែត្រ) ចាប់ពី គម១៧១+២០០ ដល់ គម១៩១+០០០ គ្រោងចំណាយថវិកា៥៩ ៨១៨ ៥០១,៦៦ ដុល្លារអាមេរិក សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture។

+កញ្ចប់ទី២-ពង្រីកផ្លូវចាស់ពី២គន្លង ទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាល ប្រវែង៤៧គីឡូម៉ែត្រ ចាប់ពីគម១៩១+០០០ ទៅដល់ គម២៣៨+០០០ គ្រោងចំណាយថវិកា ៩២ ៥៨៣ ០៦១,០៣ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន OBAYASHI CORPORATION។

+កញ្ចប់ទី៣- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង ក្រាលកម្រាលAC កម្រាស់១៥សម និងសួនច្បារកណ្តាល ប្រវែង៤៤,១ គីឡូម៉ែត្រ ចាប់ពី គម២៣៨+០០០ ដល់ គម២៨២+១០១ គម្រោងចំណាយថវិកា៩១ ៣៤១ ១៣១,៧៣ ដុល្លារអាមេរិក សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន TEKKEN-IKEE Joint Venture។

+កញ្ចប់ទី៤- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាលប្រវែង ៣៥,១៤គីឡូម៉ែត្រ ចាប់ពី គម៣៦៦+៨១៥ ដល់ គម៤០២+០១០ គ្រោងចំណាយថវិកា៥២ ៥៦១ ៧៦៣,៩៣ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន CC1-CIENCO6 Joint Venture ។
+កញ្ចប់ទី៥- ស្ថាបនាស្ថាយនីយថ្លឹងទម្ងន់ រថយន្តចំនួន ៦ស្ថានីយ។

គួរកត់សម្គាល់ថា៖ សម្រាប់កញ្ចប់ការងារទី៤ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលត្រូវចុះហត្ថលេខានាពេលនេះ គ្រោងនឹងប្រើរយៈពេល សាងសង់ប្រមាណ ៣២ខែ (ប្រហែល២ឆ្នាំ និង៨ខែ) និងចំណាយថវិកាចំនួន ៥២ ៥៦១៧៦៣,៩៣ ដុល្លាអាមេរិក៕

To Top