ភ្នំពេញ ៖ និយាយតាមបែបអបិយ៍ជំនឿ លើការកំណត់ដោយព្រហ្មលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វាដូចជាទេវតាចារឲ្យសម្តេចមកចាប់កំណើត ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា និងថែរក្សាសន្តិភាព សម្រាប់កម្ពុជាផងដែរ។
ថ្លែងចេញពីលើវេទិកា សម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញឺន ហើយគ្មានអ្វីដែលត្រូវខ្លាច អារឿងនិយាយនេះទេ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អ្នកដែលចង់បង្កសង្គ្រាម! សង្គ្រាមវាងាយផ្ទុះក៏ប៉ុន្តែការពន្លត់សង្គ្រាមទើបវាជារឿងពិបាក។ ខ្ញុំត្រូវប្រើជីវិតរបស់ខ្ញុំជាងពាក់កណ្ដាលជីវិត ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមិនមែនជាអ្នកបង្កើតសង្គ្រាមនោះទេ ក៏ប៉ុន្តែវាដូចជាទេវតាឲ្យយើងមកចាប់កំណើតដើម្បីពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា និងថែរក្សាសន្តិភាព សម្រាប់កម្ពុជាផងដែរ»។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានរំលឹកផងដែរថា នៅក្នុងកម្មពិធីទទួលទានអាហារជាមួយនាយករដ្ឋមន្រ្តីជប៉ុន នាពេលកន្លងទៅថ្មីនេះ សម្ដេចតេជោ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដែលលោកនាយករដ្ឋមន្រ្តីជប៉ុន រូបនេះក៏មានជំនឿទៅលើព្រហ្មលិខិត ៕