ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ជឿជាក់ថា ទោះតម្លៃប្រេងសាំង ហក់ឡើងខ្ពស់ តែពលរដ្ឋមានលទ្ធភាព ចាក់ដើរលេង នាថ្ងៃចូលឆ្នាំខ្មែរដែរ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានជំនឿថា ពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើដំណើរកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ បើទោះបីតម្លៃប្រេងសាំង នៅលើសកលលោក ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ ។

សម្តេចតេជោ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានលើកឡើងថា តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ កំពុងរងផលប៉ះពាល់ជាខ្លាំង ដោយសារតែសង្គ្រាមផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលអាក្រក់ជាខ្លាំង នឹងឈានដល់ការគ្រប់គ្រងលែងបាន ។

ប្រការខាងលើនេះហើយ ទើបនាយករដ្ឋមន្ត្រីកម្ពុជា នៅតែផ្តល់តម្លៃខ្ពស់ ដល់សុខសន្តិភាព ជាចម្បង ខណៈបណ្តាប្រទេសជាច្រើន កំពុងស្រែករកសន្តិភាព និងបទឈប់បាញ់។

ជុំវិញបញ្ហាកើតចេញពីសង្គ្រាមនេះ មានផលប៉ះពាល់ជាច្រើន ដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ ដែលតម្លៃប្រេងសាំងនៅកម្ពុជា បច្ចុប្បន្នស្ថិតក្នុងរង្វង់៥ពាន់រៀលជិតដល់៦ពាន់រៀល ខណៈសម្តេចតេជោ ក៏យល់ឃើញថា នឹងមានការកើនឡើងបន្ថែមទៀត នៅខែក្រោយ ចំពេលកម្ពុជា ត្រូវបានឈប់សម្រាក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយសម្តេចតេជោ ជឿជាក់ថា កត្តានេះ នឹងធ្វើឲ្យភាពសប្បាយរបស់ប្រជាពលរដ្ឋ នាឱកាសឈប់សម្រាកខាងមុខនេះ នឹងត្រួវកាត់បន្ថយមួយកម្រិតផងដែរ ។

ជាមួយគ្នានេះ សម្តេចប្រកាសថា សម្រាប់ចូលឆ្នាំខ្មែរនៅឆ្នាំនេះ សម្តេចនឹងអញ្ជើញទៅកំសាន្តនៅខេត្តព្រះសីហនុជាមួយកូននិងចៅផងដែរ ។

សម្តេចតេជោ មានប្រសាសន៍ថា “ហើយឆ្នាំនេះ តម្លៃប្រេងនេះ វាក៏កាត់បន្ថយការសប្បាយ របស់ប្រជាពលរដ្ឋមួយកម្រិតដែរ ដោយសារតែប្រាក់ វាត្រូវចំណាយប្រាក់ច្រើន ក្នុងការចាក់សាំង ដើម្បីទិញប្រេង” ។

សម្តេចតេជោបន្តថា “នោះហើយបញ្ហាវាទាក់ទងនឹងរឿងសន្តិភាព ។ ឥឡូវកំពុងស្រែកហើយ ស្រែករកសន្តិភាព ស្រែករកបទឈប់បាញ់ ។ បើតាមការស្មានរបស់ខ្ញុំ នៅពេលដែលប្រកាស និយាយអំពីសង្គ្រាម ប្រហែលជានុយក្លេអ៊ែល ពីមួយខាងទៅមួយខាង ត្រៀមរៀងខ្លួនអស់ទៅហើយ កំពុងត្រៀមរៀងខ្លួនអស់ទៅហើយ ។ ហើយបើផ្ទុះនៅអឺរ៉ុប ជនជាតិនៅអឺរ៉ុប ជាអ្នករងគ្រោះមុនគេ ពីវិទ្យុសកម្ម ។ អាស៊ីប្រហែលជានៅឆ្ងាយបន្តិច ប៉ុន្តែផលប៉ះពាល់ហិរញ្ញវត្ថុ គឺមានធំសម្បើមណាស់ ។ កម្ពុជា យើងបានឆ្លងផុតពីសង្គ្រាម ២៤ឆ្នាំរួចមកហើយ ដែលយើងបញ្ចប់សង្គ្រាមពេញលេញ” ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា “ចូលឆ្នាំនេះ ចាំមើល បើទោះបីជាសាំងឡើងថ្លៃ ក៏ប៉ុន្តែនៅតែដើរលេង ទៅដល់កន្លែងធ្លាប់ច្បាំងគ្នា ឥឡូវក្លាយជាតំបន់ទេសចរ រួចស្រេចទៅហើយ”

គួររំលឹកថា ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាឡើង រហូតដល់៥៣០០រៀល ឡើងជាងពាក់កណ្តាលខែមុន៥០០រៀល ខណៈម៉ាស៊ូត ក៏មានតម្លៃ៥៣០០រៀលដូចគ្នា ឡើងជាងមុន៨០០រៀល៕

To Top