ព័ត៌មានជាតិ

គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅធ្លាម្អម នឹងបញ្ចប់នៅឆ្នាំក្រោយ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាលពីព្រែកក្តាម ទៅធ្លាម្អម (ពោធិ៍សាត់)នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture នាថ្ងៃទី២៥ មីនា លោក ស៊ុន ចាន់ថុល បានថ្លែងថា ជប៉ុនបានផ្តល់ការគាំទ្រ ក៏ដូចជាចូលរួមចំណែកក្នុងការស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវជាតិលេខ៥ តភ្ជាប់ប្រទេសថៃ កម្ពុជា និងវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលកំណើនចរាចរណ៍ និងការដឹកជញ្ជូនកើនឡើង។

លោកបញ្ជាក់ថា “ដោយឡែកទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅធ្លាម្អម (ពោធិ៍សាត់) គ្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ”។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើក្រុមសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង ធានាដល់ការប្រើប្រាស់បានយូរអង្វែង និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមការដ្ឋានត្រឹមត្រូវ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដាក់ផ្លាកសញ្ញាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវពេលយប់ជាដើម។

ជាមួយគ្នានោះផងដែរ លោក Le Huu Viet Duc តំណាងក្រុមហ៊ុនសាងសង់ សម្តែងជំនឿយ៉ាងមុតមាំថា ពិធីចុះហត្ថលេខានេះគឺជាលក្ខខណ្ឌចាំបាច់អាចឲ្យក្រុមហ៊ុនយល់ដឹងកាន់តែច្បាស់ ក្នុងការចូលរួមក្នុងសកម្មភាពសាងសង់ជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសជាងនេះទៅទៀត គម្រោងនេះធ្វើឲ្យចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរកម្ពុជា-វៀតណាម កាន់តែមានភាពជិតស្និទ្ធថែមទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លារសម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបងប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ។

សម្រាប់កញ្ចប់ការងារទី៤ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាលនេះ គ្រោងនឹងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ (ប្រហែល២ឆ្នាំ និង៨ខែ) និងចំណាយថវិកាចំនួន ៥២ ៥៦១៧៦៣,៩៣ ដុល្លារ៕

To Top