ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានបេីកប្រតិបត្តិការចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ រឹមអូសគ្រឿងញៀនជាង ១០០គីឡូក្រាម ។
ប្រតិបត្រិការនេះធ្វេីឡេីង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទី លោក វរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១៖ នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣៖ នៅចំណុចផ្ទះគ្មានលេខ(ជាប់ផ្ទះលេខ១A២)ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៣នាក់៖ ១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន(គ្មាន), ២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474, ៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៩៣ ឆ្លងដែន 307520541 ។
ចាប់យកវត្ថុតាង៖ ១/កេតាមីន(Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម, ២/អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម, ៣/មេតំហ្វេតាមីន(WY) ទម្ងន់ ១៩០ ក្រាម, ៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ ក្រាម ។ សរុបសារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕