ព័ត៌មានជាតិ

កម្ពុជា ទទួលបានទឹកប្រាក់ជាង ២០លានដុល្លារ តាមរយៈមូលនិធិពិសេស មេគង្គ-ឡានឆាង ដើម្បីកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងឲ្យដឹងថា តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងចំនួន៦៧ មានទំហំទឹកប្រាក់ជាង ២០លានដុល្លារអាមេរិក ដើម្បីការកាត់បន្ថយភាពក្រីក្រ និងគាំទ្រសកម្មភាពផ្សេងៗទៀត ។

តាមរយៈសារលិខិតក្នុងឱកាសអបអរសារទរ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង នៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការ កសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។

បណ្តាប្រទេសមេគង្គ-ឡានឆាង បានកត់សម្គាល់ថា តម្រូវការអភិវឌ្ឍរបស់យើងនឹង បណ្តាលឱ្យមានផលប៉ះពាល់ ដល់ធនធានធម្មជាតិ ដូច្នេះហើយយើងនឹងប្រឹងប្រែង រួមសហការគ្នាលើការគ្រប់គ្រង ប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាពអាកាសធាតុ ដ៏ធ្ងន់ធ្ងរផ្សេងៗទៀត។

លោក ប្រាក់ សុខុន ក៏មានសេចក្តីរីករាយផងដែរ ដោយបានឃើញការបំពេញបន្ថែម នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយនឹងយន្តការ អនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ២០លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ។ល។» ។

លោកបន្ថែមថា ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍ សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំង កូវីដ -១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជា គឺបានរួមចំណែក ដល់ភាពជោគជ័យក្នុងការ អនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រា ចាក់វ៉ាក់សាំងប្រមាណ ៩២% និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាព ដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកគូសបញ្ជាក់ទៀតថា ស្របពេលដែលកម្ពុជា ជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នឹងកាន់តែរួមចំណែកដល់ សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំ សំដៅធានាឱ្យអាស៊ាន បន្តទទួលបានភាពរស់រវើក ក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយ ដែលមានអនាគតរួមគ្នា ៕

To Top