ភ្នំពេញ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៦ មីនានេះ បានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ។
នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកស្រីនឹងជួបពិភាក្សាការងារ ផងដែរជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការ OIF។ លោកជំទាវអគ្គលេខាធិការនឹងចូលរួម ជាអធិបតីជាមួយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្រ្តីកម្ពុជា។
នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកកម្មវិធី និងចុះហត្ថលេខាលើឯកសារស្តីពី កិច្ចសហប្រតិបត្តិការវាង ស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែល សហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មាន បំណងលើកកម្ពស់ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មី រវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។ ជំនួបទាំងនេះ នឹងផ្តោតសំខាន់ជាពិសេស ទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។
នៅក្នុងអំឡុងពេលស្នាក់ នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់ កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិក មួយរូបក្នុងចំណោមបិតា ស្ថាបនិកនៃអង្គការ OIF ៕