ព័ត៌មានជាតិ

បញ្ជួនខ្លួនជនសង្ស័យ ជនជាតិចិនតៃវ៉ាន់ ៣នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង១០០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២នេះ បានចាប់ និង បញ្ជូនខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ចំនួន ៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនចំនួន ជាង១០០ គីឡូក្រាម ប្រព្រឹត្ត កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ នៅ ៣ គោលដៅផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ និង ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យជនជាតិចិនទាំង ៣ នាក់ មានឈ្មោះ ៖ទី១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៩៨៨, ទី២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៩៨៤, និងន ទី៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត១៩៩៣។

ពួកគេត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ នៅគោលដៅចំនួន៣កន្លែង រួមមាន: គោលដៅទី១៖ នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, គោលដៅទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, និង គោលដៅទី៣៖ នៅចំណុចផ្ទះគ្មានលេខ(ជាប់ផ្ទះលេខ១A២)ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទកេតាមីន(Ketamine) ចំនួន ៩៩ គីឡូ ទម្ងន់ ៦០២,០៣ ក្រាម , គ្រឿងញៀន ប្រភេទអ៉ិចស្តាស៊ី(MDMA) ចំនួន ៧ គីឡូ ទម្ងន់ ៣៧៩ ក្រាម, គ្រឿងញៀនមេតំហ្វេតាមីន(WY) ទម្ងន់ ១៩០ ក្រាម , និង គ្រឿងញៀន ប្រភេទនីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ ក្រាម។

គ្រឿងញៀនដែលរឹបអូសបាន សរុបចំនួន ១០៧, ១៧៨,២៣ ក្រាម ( ជាង១០០ គីឡូក្រាម) ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅឯ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕

ដោយ: លីហ្សា

To Top