ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម ដោយកាប់សម្លាប់កូនស្រីបង្កើតអាយុ៨ខែ ដោយកាំបិតបុ័ងតោ នៅពេល ដែល គាត់ស្រវឹងស្រា ខណៈពេលដែល កូនស្រីនោះ កំពុងតែដេកនៅលើគ្រែក្រោមផ្ទះ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត។
មិនតែប៉ុណ្ណោះ, នៅពេលនោះ ដោយមិនអស់ចិត្ត ជនសង្ស័យ ក៏បានយកកាំបិតផ្គាក់រត់ដេញកាប់ឪពុក-ម្ដាយក្មេង និង បងប្អូននៅក្នុងផ្ទះទៀតផងដែរ។
អំពីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី ២៥ ខែ មីនា នៅចំណុចផ្ទះឈ្មោះទីន ហន អាយុ៥៩ឆ្នាំ ក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ហ៊ាង សត់ ភេទប្រុស ៣០ ឆ្នាំ មុខរបរ ជាកសិករ ( ត្រូវជាឪពុកបង្កើត របស់កុមារីរងគ្រោះ ។
ចំណែកឯ ជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រី អាយុ ៨ ខែ( ត្រូវកូនបង្កើត) រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ ។
អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បច្ចុប្បន្ន,សាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកបារាយណ៍ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ លីហ្សា