ភ្នំពេញ៖ លោក យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឪរ៉ាល និងជាប្រធានក្រុមការងារ ចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ពង្រឹងរចនាសម្ព័ន្ធថ្នាក់ឃុំ នៅមន្ទីរគណបក្សឃុំតាសាល ដើម្បីត្រួតពិនិត្យ លើកផែនការសកម្មភាពឆ្ពោះទៅការបោះឆ្នោត និងណែនាំបន្ថែមដល់បេក្ខជន ដែលឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក យឿន យឿត បានលើកឡើងថា ខណៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែជិតមកដល់នោះ បេក្ខជនដែលបាន ឈរឈ្មោះបោះឆ្នោត ទាំងអស់ ស្របតាមគណៈកម្មាធិការជាតិរៀតចំ ការបោះឆ្នោត(គ.ជ.ប.) គប្បីបង្កើនការបំរើដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានសកម្មបន្ថែមទៀត ដូចជាភ្លៀងរលឹម ដោយមិនត្រូវគិតនិន្នាការ និងរើសអើងជាតិសាសន៍ និងគណបក្សនយោបាយអ្វីនោះឡើយ។
លោកបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះភ្លួកទឹកភ្លួកដីដដែល ខណៈគណបក្សប្រជាជនកម្ពុជា បានពុះពារ រួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើន ជាមួយប្រជាជនកម្ពុជា ជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរ ដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
លោក យឿន យឿត ក៏បានបញ្ជាក់ផងដែរថា រហូតដល់មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះបេក្ខជន របស់ខ្លួនទាំងពេញសិទ្ធ និងបំរុងចំនួន៦០រូប រួចជាស្ថាបពរ ហើយដោយបេក្ខជនទាំងអស់នោះ សុទ្ធតែមានសមត្ថភាពនិងឆន្ទៈ មនសិការ បំរើប្រជានិងផលប្រយោជន៍ រួមទាំងអស់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខមានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់នោះ៕