កំពង់ចាម ៖ «ក្រៅពីការកសាងហេដ្ឋារចនាសម្ពន្ធ័ យេីងបានគិតគូរចំពោះសុខភាពពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋ ដល់មូលដ្ឋានដោយឥតគិថ្លៃ»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចុះពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ លេីកទី២ នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម សរុបចំនួន ២៨នាក់ ដោយមានការគាំទ្រ ពីលោក ហ៊ុន ម៉ានិត ចុះពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់ ដេីម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន នៅពេលដែលមានជម្ងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋ និងក្លីនីកឯកជន ពោលគឺការពិនិត្យព្យាបាល ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ ។
លោកអភិបាលខេត្ត បានបន្តថា សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយេីងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងឲ្យកាន់តែសម្បូរ សប្បាយបន្តទៅទៀត ។
លោកអភិបាលខេត្ត បានលេីកឡេីងដែរថា ក្នុងដំណាក់កាលចុងក្រោយនេះ មានការផ្ទុះឡេីងនូវរលកថ្មី នៃវីរុសប្រភេទអូមេក្រុង ដែលឆ្លងខ្លាំង ប៉ុន្តែពុំមានអ្នកស្លាប់បាត់បង់ជីវិតទេ ព្រោះប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជម្រុញ គ្រប់ចំនួនទេនោះ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា៕