ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនាស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ដើម្បីឲ្យកម្មវិធីប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរ ជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាត ឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថីព្រះនរោត្តម ចាប់ពីវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្ដម កំណាត់វិថីព្រះជ័យជេដ្ឋា (ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្ដម ៕



