ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។

កម្ពុជាជាប្រទេសមួយ ក្នុងចំណោម ប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រទេស(CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបាននូវផែការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់ខ្លួន ដោយរួមបញ្ចូលយុទ្ធសាស្រ្ត ជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល ។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាព ចំនួន៤រួមមាន៖ អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។

អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការ អន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕

To Top