នយោបាយ

សម្តេចតេជោ៖ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងទេ

ភ្នំពេញ៖ និយាយទុកជាមុន ទៅកាន់ក្រុមណបក្សនយោបាយផ្សេងទៀត សម្រាប់ការឃោសនា រកសំឡេងរបស់ពួកគេ ក្នុងគ្រាជិតដល់ថ្ងៃបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារថា រដូវកាលសម្រាប់ការនិយាយបញ្ចុះថ្លៃសាំង ក្នុងការទាញសំឡេងគាំទ្រនោះ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែសម្តេចថា ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងបានទេ ព្រោះសាំងកំពុងតែឡើងថ្លៃ សូម្បីតែប្រទេស ជាអ្នកផលិតសាំងខ្លួនឯងក៏ដោយ ក៏មិនអាចបញ្ចុះបាន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅថ្ងៃ២៨ មីនា សម្តេចតេជោ បានលើកឡើងពីរដូវកាល នៃការឃោសនា របស់បក្សនយោបាយនីមួយៗ ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ នៅទូទាំងប្រទេស ហើយអ្វីដែលកាន់តែពិសេស ដើម្បីបានសំឡេងឆ្នោត កាន់តែច្រើននោះ ពិតជានឹងមានការឃោសនាថា នឹងបញ្ចុះតម្លៃសាំងជាក់ជាមិនខាន។

ដោយនិយាយមិនបញ្ចេញចំឈ្មោះ គណបក្សនយោបាយណាមួយនោះ ខណៈមានបក្សជិត២០ បានចុះឈ្មោះប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ សម្តេចបានថ្លែងដោយការបញ្ឆិតបញ្ឆៀងថា “តិចទៀតជារដូវដេញថ្លៃសាំង (បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំង ឲ្យនៅតែ២ពាន់ បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ៣ពាន់)។ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាព ដោះស្រាយថ្លៃសាំង។ ថ្លៃសាំងនៅលើលោកនេះ គឺថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯង។ អីចឹងទេ តិចទៀតរដូវអួតអាងមកដល់ ហើយយើងជារដ្ឋាភិបាល មិនអាចនិយាយបានទេ”។

បើតាមការប្រកាស ពីគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) គិតមកដល់ថ្ងៃ១៥ មីនា មានគណបក្សនយោបាយ ចំនួន១៧ បានចុះឈ្មោះចូលរួមការបោះឆ្នោត ។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ខណៈការបោះឆ្នោតថ្នាក់ជាតិ នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top