ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ខណៈអត្រាស្លាប់ នៅតែខ្ពស់ជាងកូវីដ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ ហើយក្នុងនេះអ្វីដែលគួរឲ្យស្ដាយ ម្សិលមិញកម្ពុជាមានអ្នកឆ្លងកូវីដជាង ៥០នាក់ ហើយអត់មានអ្នកស្លាប់ទេ ប៉ុន្តែមើលតួលេខព្រឹកមិញ ដែលសម្ដេច ស ខេង ផ្ដល់ឲ្យខ្ញុំយើងមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ និងរបួស ១៥នាក់» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចនៅតែសោកស្ដាយ នូវអ្វីដែលមិនគួរកើត នៅតែកើត ដែលម្សិលមិញគ្រោះថ្នាក់ចរាចរណ៍កើតមាន ១២ករណី នៅក្នុង៦រាជធានី-ខេត្ត ដូច្នេះថ្ងៃណាក៏ជាថ្ងៃស្លាប់ ដោយក្នុងមួយថ្ងៃស្លាប់ជាមធ្យម ៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ហើយវាបង្កើតបាននូវបញ្ហាធ្ងន់ធ្ងរ សម្រាប់បន្ទុកអ្នកដែលនៅរស់ បើសិនអ្នកស្លាប់ជាបង្គោលគ្រួសារ អ្នកដែលនៅរស់គឺជួបការលំបាក ដែលនាំទៅដល់ទាញទម្លាក់ចុះនូវស្ថានភាពនៃភាពក្រីក្រ របស់ប្រជាជនរបស់យើង» ។

សម្ដេចតេជោបន្ថែមថា បើប្រៀបធៀបជាមួយជំងឺកូវីដ១៩ ពីម្សិលមិញអត់មានអ្នកស្លាប់ដោយសារកូវីដ ខណៈគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ៦នាក់ និងរបួស ១៥នាក់ ។ សម្ដេចថា នេះជារឿងដ៏កួរឲ្យសោកស្ដាយដែលត្រូវយក ចិត្តទុកដាក់ទាំងអស់គ្នា ។

សម្ដេចគូសបញ្ជាក់ថា វិធានការទាំងឡាយដែលបានដាក់ចេញ សម្រាប់ការពារអាយុជីវិត និងផលប្រយោជន៍ប្រជាជន ត្រូវតែបន្តទៅមុខ ដោយមិនអាចធ្វេសប្រហែសបានឡើយ រាប់ទាំងកូវីដ១៩ ដែលត្រូវយកចិត្តទុកដាក់ ៕

To Top