ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារប្រាប់ ILO ថា ការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានធានា និងគោរពខ្ពស់

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់តំណាងអង្គការ អន្តរជាតិខាងការងារ (ILO)ថា ការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានធានានិងគោរពខ្ពស់ មិនដូចជាការលើកឡើង របស់មនុស្សចំនួនតូចនោះទេ ។

ការអះអាងនេះ ធ្វើឡើង ក្នុងឱកាស លោក អ៊ិត សំហេង អនុញ្ញាតឲ្យលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ និងប្រតិភូបេសកកម្ម ដោយផ្ទាល់របស់ ILO ចូលជួបសម្តែងការគួរសម នៅថ្ងៃ២៨ មីនា។

លោករដ្ឋមន្រ្តីថា ការគោរពសិទ្ធិ និងសេរីភាពអង្គការ វិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា ហើយកម្ពុជាផ្សារភ្ជាប់ការ គោរពលក្ខខណ្ឌការងារ ជាមួយពាណិជ្ជកម្មអន្តរជាតិ ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញា អន្តរជាតិ ខាងការងារលេខ៨៧ ច្បាប់ស្តីពី សហជីពនៃកម្ពុជា ផ្តល់សិទ្ធិសេរីភាពយ៉ាងពេញ លេញទៅកម្មករនិយោជិត និងនិយោជក ក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ។

លោកថា នៅកម្ពុជា មិនទាន់មាន ហើយក៏នឹងមិនអនុញ្ញាតឲ្យមានករណី កម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុក្ខបុកម្នេញ ដោយសារសកម្មភាពស្របច្បាប់របស់ខ្លួន ក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ។

លោក អ៊ិត សំហេង បន្តថា ក្រសួងការងារ នឹងចំាទទួលយកអនុសាសន៍របស់ បេសកកម្មដោយផ្ទាល់ពីខាងអាយឡូ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ កាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

To Top