នយោបាយ

រដ្ឋមន្ត្រីការបរទេសខ្មែរ៖ OIF តែងតែបង្ហាញស្មារតីពហុភាគីនិយម​ ដែលពិភពលោកបច្ចុប្បន្ន កំពុងត្រូវការបំផុត

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តែងតែបង្ហាញនូវស្មារតី​ ពហុភាគីនិយម ជាអ្វីដែលពិភពលោកបច្ចុប្បន្ន កំពុងត្រូវការជាងពេលណាៗទាំងអស់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ មីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលជាមួយនឹងពិធីបើក នៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ និងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «OIF តែងតែបង្ហាញនូវស្មារតីពហុភាគីនិយម ហើយនេះគឺជាអ្វីដែល ពិភពលោកបច្ចុប្បន្ន កំពុងត្រូវការជាងពេលណាៗទាំងអស់។ យើងសង្ឃឹមថាស្មារតីមួយនេះ នឹងដឹកនាំយើងជំនះនូវរាល់ឧបសគ្គ ជាពិសេសក្នុងអំឡុងពេល នៃភាពមិនប្រាកដប្រជា និងការប្រែប្រួល» ។

សម្រាប់ការជួបលោកស្រី ល្វីស មូស៊ីគីវ៉ាបូ លើកនេះ លោកថា បន្ទាប់ពីជំនួបចុងក្រោយគេ គឺនៅចុងខែធ្នូ ឆ្នាំ២០១៩ ។ លោកថា គ្រាន់តែជាងពីរឆ្នាំប៉ុណ្ណោះ ពិភពលោកបានឆ្លងកាត់ ការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលនាំឲ្យពិភពលោកបាននិងកំពុង ប្រឈមនឹងបញ្ហាថ្មីៗមួយចំនួន ៕

To Top