ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ជាផែនការដ៏មានសារសំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិស លើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណ ប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង បានកត់សម្គាល់ឃើញថា ឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័ត ដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។
សម្ដេច មានប្រសាសន៍ថា «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម គឺ ជាផែនការ ដ៏មានសារសំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យ ជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារ គ្រប់គ្រងទិន្នន័យអត្តសញ្ញាណ ប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យា បែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
លើសពីនេះទៀត សម្តេច ស ខេង បានបញ្ជាក់បន្ថែមទៀតថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការ អទិភាពខ្ពស់ដដែល សម្រាប់ រាជរដ្ឋាភិបាល អាណត្តិទី៦ នៃ នីតិកាលរដ្ឋសភា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋនេះជាឆ្អឹងខ្នង នៃប្រព័ន្ធផ្តល់ សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជា ត្រូវចូលរួមចំណែកក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
នាឱកាសនោះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានលើកឡើងថា ការងារអត្តសញ្ញាណកម្ម បានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានា ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម ៕