ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ បានចាប់ និង បញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ដែលតាំងខ្លួនជារដ្ឋលេខាធិការ បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងឆបោកប្រាក់ចំនួន៨៥០០ដុល្លារ ពីជនរងគ្រោះច្រើននាក់ តាមរូបភាព យកប្រាក់ ដើម្បីយកទៅរត់ការចូលបម្រើការងារនៅក្រសួងទេសចរណ៍ ប្រព្រឹត្តអំឡុងខែ កុម្ភៈ ឆ្នាំ ២០២២ ។
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ទ្រី សារិទ្ធី ហៅ ឈុន ហុងលី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ក្លែងបន្លំខ្លួនជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ ត្រូវបានជាប់ចោទ ពីបទ: ឆបោក, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និង អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារ យ៉ាងហោចណាស់ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ តាមដីការបស់តុលាការ និង ដោយយោងតាមពាក្យបណ្តឹង របស់មេធាវី នៃ ទីស្តីការគណៈរដ្ឋមន្ត្រី។
ឥឡូវនេះ, ជនសង្ស័យរូបនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅឯ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ ដោយ: លីហ្សា