ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកោតសរសើរចំពោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ លើសផែនការកំណត់ដោយច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤.០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។

តាមរយៈលិខិតរបស់ សម្ដេចតេជោនាពេលថ្មីៗនេះ បានឲ្យដឹងថា «ខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ»។
សម្ដេចតេជោបន្ដថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រ នៃការប្រមូលចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។
សម្ដេចតេជោ បញ្ជាក់ថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរសកម្មរបស់លោក គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។
សម្ដេចតេជោ បន្ថែមថា ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាបាននិងកំពុងជួបប្រទះវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលចំណូល ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់»៕
